ក្រសួង​សម្រេច​លុប​ចោល ​អាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័ស​អន្តរជាតិប្រតិបត្តិករប្រៃសណីយ៍ចំនួន ២

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមសេចក្តីជូនដំណឹង​របស់ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ បាន​​សម្រច​លុបចោល​អាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ របស់ប្រតិបត្តិករប្រៃសណីយ៍ចំនួន ២។ បើ​តាម​សេចក្តីប្រកាស​របស់​ក្រសួង​បាន​បញ្ជាក់​ថា ការ​សម្រេចលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ​ក្រុមហ៊ុនទាំងពីរ បន្ទាប់​បានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្ម។ ក្រុមហ៊ុន​ប្រតិបត្តិករ​ទាំង​ពីរ​នោះគឺ​ ក្រុមហ៊ុន 56B-LINK SUPPLY CHAIN MANAGEMENT CO., LTD. និង ក្រុមហ៊ុន KH TRANSPORTATION EXPRESS CO., LTD.។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយ​ប្រកាស​សម្រេច​លុប​ចោល​ ក្រសួងក៏បានណែនាំដល់ប្រតិបត្តិករទាំងពីរខាងលើនេះ ឱ្យបំពេញកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការតវ៉ាជាយថាហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ។

ក្រសួងបានណែនាំដល់ប្រតិបត្តិករប្រៃសណីយ៍ទាំងអស់ ឱ្យគោរពតាមច្បាប់ស្តីពីវិស័យ ប្រៃសណីយ៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក៏ប៉ុន្តែមានប្រតិបត្តិករមួយចំនួននៅតែមិនអនុវត្ត ឬអនុវត្តមិនទាន់បានពេញលេញស្របតាមច្បាប់ ឬលក្ខខណ្ឌនៃអាជ្ញាបណ្ណនៅឡើយ។ ដូចនេះ ក្នុងករណី ប្រតិបត្តិករនៅតែបន្តគេចវេសមិនអនុវត្តតាមច្បាប់ និងមិនគោរពលក្ខខណ្ឌនៃអាជ្ញាបណ្ណ ប្រតិបត្តិករ នោះនឹងត្រូវប្រឈមនឹងការព្យួរអាជ្ញាបណ្ណជាបណ្តោះអាសន្ន ឬលុបអាជ្ញាបណ្ណ។

តាម​រយៈ​ចំណាត់​ការ​​ដោយ​គ្មានលើកលែង​នេះ ក្រសួង​បាន​ណែនាំ​ប្រតិបត្តិករប្រៃសណីយ៍ទាំងអស់អនុវត្តឱ្យបានពេញលេញតាមច្បាប់លិខិត បទដ្ឋានគតិយុត្ត និងលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងសូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

គួរបញ្ជាក់​ថា កន្លងទៅនេះ និយ័តករទូរគមនាគមន៍កម្ពុជា ធ្លាប់បានចាត់វិធានការបិទខ្ទប់ឈ្មោះដែន ដែលដំណើរការល្បែងឆ្នោតខុសច្បាប់ជាបន្តបន្ទាប់។ ប៉ុន្មានថ្ងៃមុនេះ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចាត់វិធានការបិទខ្ទប់វេសាយសរុបចំនួន១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា និង​ធ្លាប់បានចាត់វិធានការបិទខ្ទប់ឈ្មោះដែន ដែលដំណើរការល្បែងឆ្នោតខុសច្បាប់ចំនួន ២៥ រួចមកហើយ កាលពីខែមករា។

និយ័តករទូរគមនាគមន៍កម្ពុជា ដោយ​បានការ​សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និង​អាជ្ញាធរពាក់ព័ន្ធ លុបបំបាត់​រាល់ឈ្មោះដែន ដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ដែលផ្ទុយច្បាប់ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការ គ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ ព្រមទាំងឈ្មោះដែនផ្សេងទៀតទាំងឡាយណា ដែលធ្វើប្រតិបត្តិការខុសច្បាប់ ក្នុងគោលដៅចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕