រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ណែ​​នាំ​​ដ​ល់មន្រ្តី​​ឲ្យ​បញ្ចៀស​ដាច់​ខាត​ការ​​ទាម​ទារ​កម្រៃ​​​សេវា​​ក្រៅ​​ផ្លូវ​ការ​​

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងសាខា​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.) ខេត្តបាត់ដំបងឲ្យ​បញ្ចៀ​ស​​​ដាច់ខាតការទាមទារក​ម្រៃសេវា​ក្រៅ​ផ្លូវ​ការ​ពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារ​ណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីបែបនេះបានធ្វើឡើងនៅក្នុង ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ​នូវអគារទីស្នាក់ការសាខា​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.) និងសំណេះសំណាលជាមួយមន្ត្រីរាជការនៃ តីមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម​រដ្ឋមន្ត្រី បានណែនាំបន្ថែមថា មន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ត្រូវបន្ត​ធ្វើសហប្រតិបត្តិការ​ឱ្យកាន់​តែជិតស្និទ្ធ​ជាមួយអាជ្ញាធរ​​មូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបាន​​​ទូលំទូលាយនូវ​​កម្មវិធីកែ​ទម្រង់ស៊ីជម្រៅ​របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់​​ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញ​គោលនយោ​បាយ​ពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ក្នុងការនាំចេញ និងសម្រួលដល់​ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

បន្ថែមលើនេះ ឯកឧត្តម ក៏ឲ្យបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រង​អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើ​ពា​ណិជ្ជកម្មទំនិញនៅ​តាមព្រំដែន ដោយ​ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា​​ព័ត៌មាន និងជំរុញយន្តការដោះ​ស្រាយបញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិត​ផល​​សក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍នៅតាមបណ្តាខេត្តទាំង ១៨ ព្រមទាំង​ឧបត្ថម្ភ​ទុន ផ្តល់កម្ចី និងកសាង​​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រតាមរយៈគម្រោងជំរុ​ញទីផ្សារសម្រាប់​​កសិកម្មខ្នាតតូច (AIMS) ដែល​អនុវត្ត​ដោយ​ក្រសួងពាណិជ្ជកម្ម៕