មកដល់​ពេលនេះ​ ជប៉ុនផ្តល់​ជំនួយ​និង​កម្ចី​ជាង ១ ៤០០ លាន​ដុល្លារ លើ​ការសាងសង​ហេដ្ឋរចនាសម្ព័ន្ធ​នៅ​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេស​ជប៉ុន បាន​ក្លាយ​ជា​ដៃគូអភិវឌ្ឍ​តាម​រយៈ​ការ​ផ្តល់​ជំនួយ​និង​កម្ចីលើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន​បាន​ថ្លែងលើក​ការ​សម្ពោធ​សមិទ្ធផល​ស្ពាន ៧ កន្លែង​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា ជប៉ុនបានផ្តល់កម្ចីនិងជំនួយសម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា​ មកដល់​ពេល​នេះ​មាន​ជាង ១ ៤០០ លានដុល្លារ។

ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​ចូលរួម​អភិវឌ្ឍ និង​លើក​ស្ទួយ​ដល់​ជីវភាព​ដល់ប្រជាពលរដ្ឋ​កម្ពុជា​តាម​រយៈ​ការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ផ្លូវថ្នល់​ ដែល​សម្រួលការ​ដឹក​ជញ្ជូន​ផលិតផល និង​ការ​ធ្វើដំណើរ​របស់ប្រជាពលរដ្ឋ។

សម្តេច​តេជោ​បាន​បន្ត​ថា ជាភ័ព្វសំណាងរបស់កម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីមិត្តជប៉ុន ផ្តល់ជំនួយបន្ត​បន្ទាប់​ជាពិសេស​ហេដ្ឋារចសម្ព័ន្ធ​ដែល​បម្រើ​ដល់​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ ។ សម្តេចក៏លើកពី​ជំនួយ​សាងសង់ស្ពានបេតុងទាំង៧កន្លែង នៅ​ខេត្ត​ក្រចេះ និង​ព្រៃវែង​ដែល​សម្តេច​បាន​ចូលរួម​សម្ពោធ​ ក៏​កើតចេញពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងជប៉ុន។

ប្រមុខ​រដ្ឋាភិបាល​ក៏ឆ្លើយតប​លើ​ការរិះគន់​របស់ក្រុមប្រឆាំង​លើ​ការ​ស្នើ​សុំជំនួយ​អភិវឌ្ឍ​របស់ប្រទេស​កម្ពុជា។  សម្តេច​បាន​ថ្លែង​ថា ក្រុមប្រឆាំងតែងហៅសម្តេចមេដឹកនាំពូកែដើរសុំ តែការសុំនោះដើម្បីសង់ផ្លូវស្ពាន ដើម្បីប្រយោជន៍​ប្រជាពលរដ្ឋ មិនមែនសុំយកមកបង្ហើយផ្ទះបាយរបស់សម្តេចទេ។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ដែលកំពុង​ដំណើរការការសាងសង់​មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ស្ថិតក្នុងគម្រោងចំណាយប្រមាណជាង ៥០០លានដុល្លារអាមេរិក ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA)។

គម្រោងផ្លូវនេះជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ដែលតភ្ជាប់ពីប្រទេសចិន មកភូមា ថៃ កម្ពុជា និងវៀតណាម និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងជាពិសេសជាសរសៃឈាមដ៏ធំមួយក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍន៍ថែមទៀត៕