ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ក្តីរំពឹងចំពោះកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២នេះ នឹងស្ទុះងើបឡើងក្នុងអត្រា៥.៦% និងវិលទៅរកកំណើនសេដ្ឋកិច្ចប្រមាណ៧% ក្នុងឆ្នាំ២០២៤ខាងមុខ ខណៈឆ្នាំ២០២១កន្លងទៅកំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបានចំនួន៣%។ ការព្យាករកំណើននេះ ដោយផ្អែកថា កម្ពុជាបានបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ។
បើតាមក្រសួងសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចឆ្នាំ២០២២នេះ គឺមានការចូលរួមចំណែកពីវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យកសិកម្ម វិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន វិស័យសំណង់ វិស័យដឹកជញ្ចូន និងគមនាគមន៍ និងការលក់ដុំ រាយជាដើម។
នៅក្នុងរបាយការណ៍ក្រសួងសេដ្ឋកិច្ច បានបង្ហាញថា វិស័យកសិកម្មក្នុងឆ្នាំ២០២២ត្រូវបានដាក់ក្តីរំពឹងថា នឹងកើនឡើង១,៣% វិស័យកាត់ដេរព្យាករណ៍ថាកើន ៨,១% វិស័យកម្មន្តសាលមិនមែនកាត់ដេរកើនចំនួន ១២,២ % វិស័យដឹកជញ្ចូន និងគមនាគមន៍ចំនួន ៦,២% វិស័យសំណង់កើនចំនួន៥,៤% វិស័យអចលនទ្រព្យកើន ៤, ១% វិស័យលក់ដុំ រាយកើនចំនួន ៥% វិស័យសណ្ឋាគារ និងភោជនីយដ្ឋានកើនចំនួន១២% និងវិស័យផ្សេងៗទៀត កើនចំនួន ៤,៣%។
ទោះជាបែបនេះក្តី ក្រសួងសេដ្ឋកិច្ចគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងអាចប្រឈមនូវហានិភ័យ និងភាពមិនប្រាកដប្រជាមួយចំនួន ដោយក្រសួងសេដ្ឋកិច្ចសង្កត់ធ្ងន់ទៅលើការអូសបន្លាយពេលនៃវិបត្តិជំងឺសកលកូវីដ-១៩បើនៅតែបន្ត។
សូមរំឭកថា ប្រមុខរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានព្រមានពីលទ្ធភាពនៃការបិទខ្ទប់ម្តងរួចមកហើយ ប្រសិនបើករណីអូមីក្រុងត្រូវបានឆ្លងចូលក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាញធំ។ ប៉ុន្តែការព្រមាននេះក៏រលាយបាត់ទៅវិញ បន្ទាប់ពីរដ្ឋាភិបាលបញ្ជាក់ថា មេរោគបំប្លែងខ្លួនថ្មីនេះ មិនបង្កជាសភាពធ្ងន់ធ្ងរនោះទេ ព្រមទាំងអនុញ្ញាតឱ្យមានការព្យាបាលតាមផ្ទះទៀតផង។
តែយ៉ាងណា ក្នុងន័យសេដ្ឋកិច្ចវិញ ក្រោយករណីអូមីក្រុង បានរកឃើញក្នុងសហគមន៍ជាបន្តបន្ទាប់ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបង្ហាញក្តីព្រួយបារម្ភជាខ្លាំងចំពោះផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះ និងបានអះអាងថា អាចត្រូវទម្លាក់ការព្យាករសេដ្ឋកិច្ចជាតិក្នុងកម្រិតមួយប្រហាក់ប្រហែលនឹងឆ្នាំ២០២១វិញ៕