ព្រៃលិចទឹក និងព្រៃកោងកាងស្ថិតនៅតាមឆ្នេរសមុទ្រនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូតមកដល់ពេលនេះ នៅតែរងការកាប់បំផ្លាញពីសំណាក់មនុស្សមួយចំនួនតូច យកទៅធ្វើជាម្ចាស់កម្មសិទ្ធិឯកជន ទើបទោះពីជាអាជ្ញាធរ និងមន្រ្តីជំនាញបានចុះហាមឃាត់ និងទប់ស្កាត់នាពេលកន្លងទៅក៏ដោយ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើសុំឱ្យធនាគារអភិវឌ្ឍអាស៊ី ADB ជួយធ្វើបច្ចុប្បន្នភាពព្រៃកោងកាង ដោយបោះបង្គោលការពារព្រៃកោងកាង និងធ្វើការដាំដុះឡើងវិញ ខណៈព្រៃកោងកាងនៅសល់ប្រមាណ ៥០,០០០ម៉ឺនហិកតាប៉ុណ្ណោះ។
ថ្លែងក្នុងកិច្ចប្រជុំរៀបចំគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ជាមួយនឹងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី១៧ កុម្ភៈនេះ លោក គួច ចំរើន បានបញ្ជាក់ថា ការស្នើសុំទៅធនាគារអភិវឌ្ឍន៍អាស៊ី ជួយធ្វើបច្ចុប្បន្នភាពនេះ ដើម្បីផ្តល់ផលប្រយោជន៍ពីការកាប់បំផ្លាញមកជាការថែរក្សាការពារ អភិរក្ស ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រជានេសាទក្នុងសហគមន៍។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បង្ហាញនូវគម្រោងសាងសង់ផែនេសាទសហគមន៍ ដែលលោកបានផ្តល់ជម្រើសពីរដើម្បីធ្វើការសិក្សា ទី១.នៅស្រុកស្ទឹងហាវ ព្រោះទីនោះមានប្រជានេសាទច្រើន។ ទី២.តំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ទីនោះមានការប្រមូលផ្តុំផលនេសាទ។ ដោយឡែកសម្រាប់ការការពារ និងអភិរក្សព្រៃកោងកាងនៅខេត្តព្រះសីហនុ លោកថា មានសម្បូរនៅតាមតំបន់ព្រែកកំពង់ស្មាច់ និងព្រែកទឹកសាប ក្នុងស្រុកព្រៃនប់។

ប្រធានក្រុមការងារ នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB លោក Lindsay Saunders ក៏បង្ហាញផងដែរពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដែលជាគម្រោងជួយកម្ពុជា ក្នុងការអភិវឌ្ឍតំបន់ឆ្នេរ និងការប្រែប្រួលអាកាសធាតុ ពង្រឹងធនធានជលផលសមុទ្រក្នុងនោះមានដូចជា ១.ការគ្រប់គ្រងធនធានអេកូឡូស៊ីសមុទ្រ ២.ការធ្វើឱ្យប្រសើរនូវហេដ្ឋារចនា សម្ព័ន្ធតាមបណ្តោយឆ្នេរ ៣.ជួយដល់វិស័យឯកជនក្នុងការផ្តល់ឥណទានដល់វិស័យឯកជន ៤.បង្កើតមធ្យោបាយប្រភពហិរញ្ញទានគាំទ្រដល់វិស័យឯកជននៅតាមតំបន់ឆ្នេរ។
បើតាម លោក Lindsay Saunders ការទំនាក់ទំនងការងារនេសាទ និងជួយកាត់បន្ថយផលប៉ះពាល់ពីការកាប់បំផ្លាញព្រៃកោងកាង ព្រោះព្រៃកោងកាង១ហិកតាអាចផ្តល់ចំណូល ៣,៥០០ដុល្លាក្នុងមួយឆ្នាំ ដូច្នេះយើងរួមគ្នាអភិរក្សព្រៃកោងកាងដែលនៅសល់ប្រមាណ ៥០,០០០ម៉ឺនហិកតាឱ្យនៅវង់វង្ស។
ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។ នេះបើតាមបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន៕