អភិបាល​ខេត្តព្រះសីហនុ ផ្តល់​ជម្រើស​ទីតាំង​ចំនួនពីរ លើគម្រោង​​សាងសង់ផែនេសាទ​សហគមន៍

សង្គម​ និង​សេដ្ឋកិច្ច

លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគម្រោងស្តីពីការរៀបចំគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ រដ្ឋបាលជលផល និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​កិច្ច​ប្រជុំនោះ​ មានការ​លើក​​ឡើង​ពី​គម្រោង​ស្នើសុំសាងសង់ផែនេសាទដែលមានគុណភាព ដើម្បីធ្វើការកែ​លម្អ​ផលនេសាទសមុទ្រនៅក្នុងសហគមន៍ ពិសេសការគ្រប់គ្រងកាកសំណល់ និងផលប៉ះពាល់ធនធានជលផលក្នុង​សហគមន៍​នេសាទ និង​ពង្រឹងធនធានធម្មជាតិសមុទ្រសម្រាប់កូនចៅជំនាន់ក្រោយ។

លោក​អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍នូវគម្រោងសាងសង់ផែនេសាទសហគមន៍ ដែលទាមទារឱ្យមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ។ លោក​អភិបាលខេត្តបានផ្តល់ជម្រើសទីតាំង​ចំនួន​ពីរ​សម្រាប់​​សិក្សា​សាងសង់ផែនេសាទសហគមន៍ដោយ​ ទី១ នៅស្រុកស្ទឹងហាវ ព្រោះទីនោះមានប្រជានេសាទច្រើន និង​ទី២ នៅ​តំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ទីនោះមានការប្រមូលផ្តុំផលនេសាទ។

លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានលើកឡើង​ថា កិច្ចប្រជុំនេះ​មានគោលបំណង ដើម្បីបង្ហាញលទ្ធផលដែលបានពីការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យពាក់ព័ន្ធនឹងគម្រោង និងការពិគ្រោះយោបល់លើគោលដៅ និងលទ្ធផលរំពឹងទុកនៃគម្រោង ព្រមទាំងស្នើសុំកិច្ចសហការ និងការគាំទ្រពីអាជ្ញាធរខេត្តតំបន់ឆ្នេរទាំង៤ ពិសេសខេត្តព្រះសីហនុ ក្នុងការរៀបចំគម្រោងខាងលើឱ្យទទួលបានជោគជ័យ ដោយមានការគាំទ្របច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី ADB។

លោក Lindsay Saunders ប្រធានក្រុមការងារ នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏​បាន​បង្ហាញពី​គម្រោងជួយកម្ពុជា ក្នុងការអភិវឌ្ឍតំបន់ឆ្នេរ និងការប្រែប្រួលអាកាសធាតុ ពង្រឹងធនធានជលផលសមុទ្រ។

បើ​តាមមន្រ្តីជំនាញ​របស់ ADB បានលើកពីផលប្រយោជន៍​នៃ​ព្រៃកោងកាង ព្រោះព្រៃកោងកាង​១​ហិកតា​ អាចផ្តល់ចំណូល ៣,៥០០ដុល្លាក្នុងមួយឆ្នាំ ដូច្នេះយើងត្រូវរួមគ្នាអភិរក្សព្រៃកោងកាងដែលនៅសល់ប្រមាណ ៥០,០០០ម៉ឺនហិកតាឱ្យនៅវង់វង្ស។

ជាមួយគ្នានេះ លោក​គួច ចំរើន​ អភិបាលខេត្តបានស្នើសុំឱ្យធនាគារអភិវឌ្ឍអាស៊ី ជួយធ្វើបច្ចុប្បន្នភាពព្រៃកោងកាង បោះបង្គោលការពារព្រៃកោងកាង និងធ្វើការដាំដុះឡើងវិញ ដើម្បីផ្តល់ផលប្រយោជន៍ពីការកាប់បំផ្លាញមកជាការថែរក្សាការពារ អភិរក្ស ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រជានេសាទក្នុងសហគមន៍។

បើ​តាម​លោក គួច ចំរើន នៅខេត្តព្រះសីហនុ​សម្បូរព្រៃកោងកាង​មាន​នៅតាមតំបន់ព្រែកកំពង់ស្មាច់ និងព្រែកទឹកសាប ក្នុងស្រុកព្រៃនប់៕