ចាប់ពី​ថ្ងៃទី ១៥ ខែមីនា នីតិវិធីបង់ពន្ធប្រថាប់ត្រា និងផ្ទេរកម្មសិទ្ធិយានជំនិះ​រួមគ្នា អាច​អនុវត្តបានទាំងស្រុង

សង្គម​ និង​សេដ្ឋកិច្ច

ថ្មីៗ​នេះ មន្រ្តី​របស់ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បើកកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ទាក់ទងនីតិវិធីបង់ពន្ធប្រថាប់ត្រា និងការផ្ទេរកម្មសិទ្ធិយានជំនិះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​ប្រភព​ពី​មន្រ្តី​ដែល​ចូលរួម​ក្នុង​កិច្ច​ប្រជុំបាន​ឲ្យ​ដឹង​ថា ការផ្ទរកម្មសិទ្ធិយានជំនិះដោយប្រើនីតិវិធីរួមគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានការកើនឡើងនៅក្នុងខែមករា ឆ្នាំ​២០២២​កន្លងទៅ។

ប្រភពដដែល​បានបន្ត​ថា ក្រុមការងារបច្ចេកទេសតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានពន្ធដារ កំពុង​ខិតខំប្រឹងប្រែងរួមគ្នាក្នុងការជំរុញឱ្យការងារផ្ទេរកម្មសិទ្ធិយានជំនិះ និង​បង់ពន្ធប្រថាប់ត្រាតាមនីតិវិធីរួមគ្នានេះ ឱ្យអនុវត្តបានទាំងស្រុងចាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះតទៅ ដើម្បីសម្រួលការផ្តល់សេវា និងភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ។

នីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រារួមគ្នា ត្រូវបានកំណត់ដោយប្រកាសអន្តរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃ២៧ ខែសីហា ឆ្នាំ២០២០ ហើយបានដាក់ឱ្យដំណើរការជាផ្លូវការនូវនីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រារួមគ្នា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

គំនិតផ្តួចផ្តើមនេះ បង្កើតឡើងដើម្បីជួយសម្រួលដល់យន្តការ ដែលធានានូវភាពងាយស្រួល ចំណេញពេលវេលាដល់ប្រជាពលរដ្ឋ ព្រមទាំងធានានូវប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ និងការប្រមូលពន្ធ ដោយទទួលបានការគាំទ្រ និងសាទរជាខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ​៕