ក្រសួងសុខាភិបាលបានបង្ហាញឈ្មោះថ្នាំពេទ្យមួយចំនួន និងណែនាំពីរបៀបព្យាបាលជំងឺកូវីដ-១៩ តាមផ្ទះ។ ប៉ុន្តែថ្នាំ និងរបៀបព្យាបាលជំងឺដោយខ្លួនឯងនេះ ក្រសួងបានក្រើនរំលឹកថាធ្វើបានសម្រាប់តែករណីអ្នកជំងឺ គ្មានចេញរោគសញ្ញា និងមានរោគសញ្ញាដែរ ជារោគសញ្ញាស្រាល។
បើអ្នកជំងឺក្តៅខ្លួនក្រោម ៣៧,៥ អង្សា គ្មានក្អក គ្មានហៀរសំបោរ គ្មានឈឺបំពង់ក និងសភាពទូទៅធម្មតា មិនចាំបាច់ប្រើថ្នាំព្យាបាលទេ។ ករណីនេះ ចាត់ទុកថាគ្មានរោគសញ្ញា។
បើអ្នកជំងឺក្តៅខ្លួនលើស ៣៧,៥ មានឈឺសាច់ដុំ ឬឈឺបំពង់ក ចាត់ទុកថាមានរោគសញ្ញាស្រាល។ ករណីបែបនេះ ត្រូវប្រើថ្នាំប៉ារ៉ាសេតាម៉ុល។
ករណីមានសញ្ញាបន្ថែម ដូចជា តឹងច្រមុះ ឬហៀរសំបោរ ឬក្អក (មាន ឬមិនមានស្លេស្ម) ត្រូវប្រើថ្នាំ ប្រ៉ូម៉ិចស៊ីន (Bromhexine) ឬសេទីរីហ្ស៊ីន (Cetirizine)។
ជាមួយគ្នានេះ ក្រសួងក៏បានដាក់តឿនបន្ថែមឲ្យអ្នកជំងឺនៅដាច់ដោយឡែកពីគេ ហូបអាហារមានជីវជាតិគ្រប់គ្រាន់ និងពិសាទឹកឲ្យបានច្រើនជាដើម។
កាលពីពេលថ្មីៗនេះដែរ ក្រសួងសុខាភិបាលបានអនុញ្ញាតិឲ្យប្រើប្រាស់ឱសថ «ម៉ូលណាទ្រីស» ឬ ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម សម្រាប់ព្យាបាលជំងឺកូវីដ១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ឱសថនេះមួយកំប៉ុងតម្លៃប្រហែល ៥៥ ដុល្លារ ហើយដែលត្រូវលេប ១ ថ្ងៃ ២ ដង ម្ដង ៤ គ្រាប់ ក្រោយពេលទទួលទានអាហាររួច ឬពេលពោះទទេរ និងគួរលេបទាំងមូលជាមួយទឹកមួយកែវ ដោយមិនត្រូវបើកគ្រាប់ កិនបំបែក ឬទំពារឡើយ។ នេះបើតាមការពន្យល់របស់ក្រុមការងារចំពោះកិច្ច គ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩។
ដោយឡែកឱសថចិន LianHua QingWen JiaoNang ក៏ក្រសួងអនុញ្ញាតឱ្យប្រើប្រាស់ ដើម្បីជួយដោះស្រាយរោគសញ្ញាជំងឺកូវីដ-១៩ ដែលមានសមត្ថភាពអាចជម្រះមេរោគ និងបន្សាបជាតិពុលបណ្ដេញធាតុក្តៅចេញពីក្នុងសួត។ ឱសថនេះ ប្រើប្រាស់សម្រាប់ព្យាបាលជំងឺផ្តាសាយ និងអាការមួយចំនួនរួមមាន ឡើងកម្តៅ រងារញាក់ ឈឺសាច់ដុំ តឹងច្រមុះ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតក និងឈឺកជាដើម។
ទោះយ៉ាងណា ថ្នាំ LanHua QingWen JiaoNang មិនចេះតែប្រើតាមការនឹកឃើញនោះទេ ដោយអ្នកមានរោគសញ្ញាមិនស្រួលខ្លួន ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុន។
ដោយសារការរីករាលដាលនៃកូវីដប្រភេទបំប្លែងខ្លួនអូមីក្រុង ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៧ កុម្ភៈ បានចេញសាររំព្ញកថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តនិងរាជធានីភ្នំពេញ ឱ្យពង្រឹងឡើងវិញនូវការអនុវត្តនិតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ១៩នៅតាមផ្ទះ។ ការក្រើនរំព្ញកនេះធ្វើឡើង ខណៈដែលកម្ពុជាកំពុងផ្ទុះរាលដាលឆ្លងរាលដាលកូវីដ១៩ ប្រភេទអូមីក្រុង ក្នុងសហគមន៍ និងដោយមានប្រជាពលរដ្ឋសម្រាកព្យាបាលដោយខ្លួនឯងនៅតាមផ្ទះច្រើន។ កម្ពុជាបានបន្តរកឃើញករណីឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង នៅក្នុងសហគមន៍ក្នុងចំនួនមួយដ៏ខ្ពស់ជារៀងរាល់ថ្ងៃ។
តាមទិន្នន័យដែលក្រសួងទើបប្រកាសនៅថ្ងៃនេះ បានបន្តរកឃើញករណីឆ្លងថ្មី ៤៨៨ នាក់ទៀត ជាប្រភេទវីរុសបំប្លែងខ្លួនអូមីក្រុងទាំងអស់។ ទិន្នន័យដែលរដ្ឋាភិបាលកត់ត្រាឆ្លងមួយថ្ងៃនេះ គឺជាការបញ្ជាក់លទ្ធផលតាមការធ្វើតេស្តធំប្រភេទ PCR ដែលប្រជាពលរដ្ឋត្រូវធ្វើនៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួន។
ដោយឡែក តួលេខផ្លូវការចេញផ្សាយដោយក្រសួងសុខាភិបាលជាប្រចាំថ្ងៃនេះ មិនរាប់បញ្ចូលពីតួលេខអ្នកជំងឺសម្រាកព្យាបាលនៅតាមផ្ទះនោះទេ៕