លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ជួបពិភាក្សាការងារលើរបៀបវារៈសំខាន់មួយចំនួនដើម្បីរកដំណោះស្រាយក្នុងវិស័យប្រេងកាតនៅកម្ពុជា ជាមួយនឹងលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំកម្ពុជា នាថ្ងៃចន្ទ ទី២១ កុម្ភៈនេះ។
ក្នុងជំនួបនាពេលនេះ លោក ស៊ុយ សែម និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំកម្ពុជា បានពិភាក្សាលើរបៀបវារៈពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រេងកាត រួមមាន ការវិនិយោគ និងការអភិវឌ្ឍប្លុកប្រេងកាតរបស់កម្ពុជាដែលមានស្រាប់ និងការសិក្សាស្វែងរុករកប្រេងនិងឧស្ម័នបន្ថែម។ គម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃរៀបចំរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា ក៏ដូចជាជំនួយបច្ចេកទេសនិងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យប្រេងកាត។
ក្នុងនោះ ភាគីទាំងពីរ គ្រោងនឹងធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មថាមពល ការកៀងគរការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំកម្ពុជា ក៏បានស្នើអញ្ជើញគណៈប្រតិភូជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពល ទៅធ្វើទស្សនកិច្ចសិក្សានិងផ្លាស់ប្តូរពិសោធន៍ នៅប្រទេសអឺរ៉ុងផងដែរ។
សូមជម្រាបជូនថា ចំពោះការរ៉ុករកប្រេង និងឧស្ម័ន ប្រទេសកម្ពុជាមានប្លុកចំនួន៦ ដែលស្ថិតនៅក្នុងដែនសមុទ្រ (A-F) ប្លុកចំនួន១៩ ស្ថិតនៅលើដីគោក (I–XIX) និងប្លុកចំនួន៤ទៀត ស្ថិតនៅក្នុងតំបន់ត្រួតស៊ីគ្នា (OCA) ដែលមានជម្លោះជាមួយប្រទេសថៃ។ប្លុក A អាចនឹងផលិតបានប្រេងមុនគេ ប្រសិនបើកត្តាសេដ្ឋកិច្ចអំណោយផល និងមានកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនផលិតករ និងរដ្ឋាភិបាលកម្ពុជា។
បន្ថែមលើនេះកម្ពុជា ក៏មិនមានរោងចក្រចម្រាញ់ប្រេងដែលមានសមត្ថភាពផលិតប្រេង និងឧស្ម័នដែលអាចទាញយកបាននោះទេ ទោះបីជានៅដើមឆ្នាំ២០១៥ ក្រុមហ៊ុនប្រេងកាតកម្ពុជា ធ្លាប់បានបញ្ជាក់ថា រោងចក្រចម្រាញ់ប្រេងតម្លៃ ២.៣ ពាន់លានដុល្លាររបស់ខ្លួននឹងត្រូវសាងសង់នៅលើផ្ទៃដី ៣៦៥ ហិកតាកាត់ខេត្តកំពត និងខេត្តព្រះសីហនុនោះ កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការសាងសង់ក៏ដោយ។
យ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន កាលពីឆ្នាំកន្លងទៅ បានឲ្យដឹងថា ចំណូលដែលបានមកពីប្រេងនៅមានទំហំតូច និងមិនទាន់ជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជានៅឡើយទេបើប្រៀបធៀបទៅនឹងវិស័យជំនួញដទៃៗទៀត។
បើតាមសម្តេច ហ៊ុន សែន អណ្ដូងទី១ បូមបានរយៈពេល ៣៣ថ្ងៃ ដែលក្នុងមួយថ្ងៃទទួលបានប្រេងចំនួន ១២៣៦ បារ៉ែល ហើយគិតមកដល់បច្ចុប្បន្ន ផលិតបានចំនួន ៤០ ៧៨៨បារ៉ែល។ សម្តេចពន្យល់យ៉ាងដូច្នេះថា៖ «ប្រសិនបើក្នុងមួយបារ៉ែលមានតម្លៃជាង ៥០ ដុល្លារ នោះមានន័យថាយើងអាចទទួលបានចំណូលប្រមាណ ៣០លានដុល្លារក្នុងមួយឆ្នាំ ដែលមិនបានស្មើចំណូលសារពើពន្ធលើទិដ្ឋាការនៃទេសចរណ៍មួយលាននាក់ផង»។
សម្តេចបន្តថាអណ្តូងទី ២ ទើបតែចាប់ផ្តើមប្រតិបត្តិការប៉ុណ្ណោះ ខណៈដែលអណ្តូងទី ៣ ទី ៤ និងទី ៥ គ្រោងនឹងអនុវត្តម្តងក្នុងពេលតែមួយ។
កាលពីចុងឆ្នាំ ២០២០ កន្លងទៅ ប្រទេសកម្ពុជាបានចាប់ផ្តើមទាញយកផលិតកម្មប្រេងដំបូងរបស់ខ្លួនក្នុងឈូងសមុទ្រថៃ ដែលជាការបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនរបស់ប្រទេសសឹង្ហបូរី KrisEnergy Ltd។ ការប៉ាន់ប្រមាណផលិតកម្មប្រេងនាពេលបច្ចុប្បន្នដែលមានចំនួន ៧៥០០ បារ៉ែលក្នុងមួយថ្ងៃគឺមានចំនួនទាប បើប្រៀបធៀបជាមួយប្រទេសថៃដែលអាចផលិតបានច្រើនជាង ៥០០ ០០០ បារ៉ែល ក្នុងមួយថ្ងៃ៕