ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះបានអំពាវនាវដល់ឱសថស្ថានកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩។ ជាមួយគ្នានេះ មេដឹកនាំកម្ពុជារូបនេះក៏បានណែនាំឱ្យក្រសួងសុខាភិបាល ពិនិត្យកុំឱ្យមានការចរាចរណ៍ថ្នាំព្យាបាលជំងឺកូវីដ១៩ ក្លែងក្លាយលក់នៅលើទីផ្សារ។
ខណៈជំងឺកូវីដបំប្លែងខ្លួនអូមីក្រុងធ្វើឲ្យអត្រាអ្នកឆ្លងថ្មីកើនដល់ខ្ទង់រយនាក់ក្នុងមួយថ្ងៃ ពលរដ្ឋកាន់តែច្រើននាំគ្នាសម្រុកទៅទិញថ្នាំតាមឱសថ ដែលធ្វើឲ្យឧសថសម្រាប់ព្យាបាលតម្លៃកើនឡើង។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យអាជ្ញាធរ ត្រូវតែចាត់វិធានការគ្រប់គ្រងការលក់ថ្នាំនៅតាមឱសថស្ថាន ជាពិសេសការគ្រប់គ្រងតម្លៃកុំឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសកាលពីពេលថ្មីៗនេះ ក៏បានព្រមានពីករណីឆ្លងប្រចាំថ្ងៃពីមេរោគបំប្លែងខ្លួនអូមីក្រុង ដែលអត្រាអ្នកឆ្លងប្រចាំថ្ងៃអាចកើនឡើងពី ៣ខ្ទង់ (ខ្ទង់រយ) ទៅកាន់៤ខ្ទង់ (ខ្ទង់ពាន់) ក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋនៅតែបន្តធ្វេសប្រហែស មិនអនុវត្តវិធានការ ឱ្យបានខ្ជាប់ខ្ជួន។
មន្រ្តីសុខាភិបាលរូបនេះបញ្ជាក់ថា ពពួកវិរុសបំប្លែងថ្មីអូមីក្រុង បានគ្របដណ្តប់ស្ទើរតែទាំងស្រុងនៃករណីឆ្លងថ្មីប្រចាំថ្ងៃនៅកម្ពុជា ហើយកំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍ជាមួយល្បឿនចម្លងយ៉ាងលឿន។
បើតាមលោកជំទាវ ឱ វណ្ណឌីន ករណីអូមីក្រុងបានវិវឌ្ឍន៍ចាប់ផ្តើមឆ្លងរាលដាលពីមួយខ្ទង់ឡើងពីរខ្ទង់ ហើយនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កើនឡើងរហូតដល់ បីខ្ទង់។ មិនយូរមិនឆាប់ទេ ការឆ្លងនឹងឡើងដល់បួនខ្ទង់មិនខាន បើបងប្អូនប្រជាពលរដ្ឋនៅតែបន្តមើលស្រាល ធ្វេសប្រហែស និងមិនអនុវត្តវិធានការ០៣ការពារ និង០៣កុំ ឱ្យបានត្រឹមត្រូវទេនោះ៕