សព្វថ្ងៃនេះកំណើននៃសំរាមក្នុងរាជធានីភ្នំពេញ បានកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃដែលទាំងនេះជាបញ្ហាចោទមួយយ៉ាងសំខាន់។
ក្នុងកម្មវិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកកាលពីម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ប្រជាជនទាំងអស់ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

បច្ចុប្បន្ននេះសំរាមក្នុងរាជធានីភ្នំពេញក្នុងមួយថ្ងៃមានប្រមាណ ៣ ពាន់តោន។ ប្រមុខរដ្ឋាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋនៅភ្នំពេញ និងអ្នកមកលេងភ្នំពេញ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ត្រូវចេះទុកដាក់សំរាមដោយខ្លួនឯង ជាពិសេសត្រូវញែកសំរាមរឹង និងសំរាមរាវឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការទុកដាក់ឱ្យមានអនាម័យ និងមានសណ្ដាប់ធ្នាប់ ដើម្បីកាត់បន្ថយសំរាមហូរចូលលូ ប្រឡាយ និងទន្លេ។

មេដឹកនាំកម្ពុជាបានលើកឡើងបន្ថែមថា បញ្ហាសំរាមគឺជាបញ្ហារួមរបស់យើងរាល់គ្នា ហើយវាមិនមែនជាបញ្ហាដាច់ដោយឡែករបស់អាជ្ញាធរតែឯងឡើយ។ ការរួមចំណែកដោះស្រាយបញ្ហាសំរាម ទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ព្រោះសំរាមកើតចេញពីការរស់នៅរបស់ពលរដ្ឋ។ ដូច្នេះ ការទុកដាក់សំរាមឲ្យត្រឹមត្រូវតាមប្រភេទ និងមានរបៀបរៀបរយ គឺជារឿងចាំបាច់បំផុត ដែលត្រូវផ្តើមដំបូងចេញពីប្រជាពលរដ្ឋតែម្ដង៕