ឃ្លាំងដាក់ឯកសារដែលសាងសង់លើផ្ទៃដីសរុប ១៥,០៤.១២ ម៉ែត្រក្រឡាលើមហាវិថីឈ្នះឈ្នះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានពន្ធដារកាលពីល្ងាចថ្ងៃ ២២ កុម្ភៈ ឆ្នាំ២០២២។
អគារការិយាល័យ និងឃ្លាំងឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារ ដែលទើបសម្ពោធជាផ្លូវការសាងសង់លើផ្ទៃដីសរុប ១៥,០៤.១២ ម៉ែត្រក្រឡា និងមានទំហំអគារសរុប ៤,៥១៥ ម៉ែត្រក្រឡា ដោយបែងចែកជា ៣អគារ ក្នុងនោះរួមមាន៖
* អគារ ក មានប្រវែង ៣២ម៉ែត្រ x ៤០ម៉ែត្រ ស្មើនឹងទំហំ ១,៣៥៣ ម៉ែត្រក្រឡា ជាសំណង់បេតុងបែបទំនើបផ្តោតលើសុវត្ថិភាព និងមានការរៀបចំឱ្យមានខ្យល់ បរិសុទ្ធចេញ-ចូលគ្រប់គ្រាន់។ អគារនេះមាន ២ផ្នែក មួយផ្នែកជាការិយាល័យបំពេញការងារ និងមួយផ្នែកជាឃ្លាំងសម្រាប់ផ្ទុកឯកសាររបស់អ្នកជាប់ពន្ធ។ អគារនេះមាន រចនាបទ ពិសេសពីរយ៉ាងគឺ៖ ផ្នែកខាងលើជាដំបូលមានទម្រង់ដូចជាគម្របប្រអប់ឯកសារ និងផ្នែកខាងក្រោមជាកន្លែងផ្ទុកឯកសារនិងធ្វើការ មានទម្រង់ដូចប្រអប់ ផ្ទុកឯកសារ។
*អគារ ខ និង អគារ គ មានប្រវែង ៣០ម៉ែត្រ x ៤០ម៉ែត្រ ស្នើនឹងទំហំ ១, ៥៨១ ម៉ែត្រក្រឡាដូចគ្នា ជាសំណង់ឃ្លាំងគ្រោងដែកដែលជាបច្ចេកទេសសំណង់ទំនើបចុងក្រោយ ប្រើប្រាស់សម្រាប់ផ្ទុកសម្ភារៈ ឧបករណ៍ផ្សេងៗ និងសម្រាប់បំពេញតម្រូវការការងាររបស់អគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល បានថ្លែងថា ការសាងសង់អគារការិយាល័យនិងឃ្លាំងឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងដល់ការងារគ្រប់គ្រង និងរក្សាទុកឯកសាររបស់អ្នកជាប់ពន្ធប្រកបដោយសុវត្ថិភាព និងសណ្តាប់ធា្នប់ ចៀសវាងនូវការខូចខាត ឬបាត់បង់ឯកសារដែល ជាព័ត៌មានដ៏សំខាន់របស់អ្នកជាប់ពន្ធ។ ម្យ៉ាងវិញទៀតដើម្បីពង្រីកនូវទំហំផ្ទុកឯកសារ ដែលអាចឆ្លើយតបតាមស្ថានភាពនៃកំណើនអ្នកជាប់ពន្ធដែលកើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ឃ្លាំងឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំពិធីចុះបឋមសីលាសាងសង់នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលការសាងសង់នេះប្រើរយៈពេល ១១ខែ និង២៥ថ្ងៃ៕