សម្តេច ហ៊ុន សែន ចេញបញ្ជាដាច់ណាត់ចាប់ពីខែ ៦-៧ ខាងមុខមិនត្រូវមានឡានអត់ពន្ធ និងឡានចង្កូតស្តាំនៅលើដងផ្លូវ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាឲ្យមន្រ្តីកងទ័ព កងកម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថ រួមនឹងមន្រ្តីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់នាំគ្នាទៅបង់ពន្ធសម្រាប់រថយន្តគ្រប់ប្រភេទ ដើម្បីគាំទ្រដល់ការប្រមូលចំណូលជូនរដ្ឋ និងខិតខំសន្សំសំចៃការចំណាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាសៀលថ្ងៃទី២៣ កុម្ភៈនេះ សម្តេច ហ៊ុន សែន បញ្ជាក់ថា ត្រូវតែរួមគ្នាគាំទ្រដល់អ្នកប្រមូលចំណូល គឺមានអង្គភាពគយ និងពន្ធដារ ព្រមទាំងចំណូលដែលមិនមែនជាសារពើពន្ធពាក់ព័ន្ធជាមួយសមត្ថកិច្ចនៃផ្នែកដទៃ។

សម្តេចបានសង្កត់ធ្ងន់ថា៖ “មន្រ្តីមានការបណ្តែតបណ្តោយឲ្យមានវប្បធម៌អត់បង់ពន្ធ សម្តេចចថាបើបន្តមានទៀត គឺជាគ្រោះថ្នាក់របស់ប្រទេសជាតិហើយ”

សម្តេចបញ្ជាក់ជាឪឡារឹកថា ចាប់ពីខែ ៦-៧ ខាងមុខមិនត្រូវមានឡានអត់ពន្ធ និងឡានចង្កូតស្តាំនៅលើដងផ្លូវទៀតទេ ព្រោះការប្រមូលចំណូលចេញពីឡានដែលអត់ពន្ធមានចំនួន ៥,៩៩៣ គ្រឿងដែលស្នើនឹងប្រមាណ ៥១លានដុល្លារ ៦០ម៉ឺនដុល្លារអាមេរិក។

បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប៉ានស្មានថា នៅមានសល់ឡានជាងពាក់កណ្តាលទៀត ដែលអត់ទាន់បង់ពន្ធ ដូច្នេះក្រសួងសេដ្ឋកិច្ចបានប៉ានស្មានគឺអត់ខុសនោះទេ គឺមានជាង ១ម៉ឺនគ្រឿង មានតម្លៃជាង ១០០លានដុល្លារអាមេរិក។

សម្តេចថ្លែងគូសបញ្ជាក់ថា ចាប់តាំងពីដាក់វិធានការរឹតរឹងរហូតដល់ពេលបច្ចុប្បន្ន យើងប្រមូលចំណូលបានដែលលួចពន្ធមានចំនួន ៥១លានដុល្លារ។ ដូច្នេះខ្ញុំសូមឲ្យមន្រ្តី ក៏ដូចជាអ្នកមានប្រាក់ទិញរថយន្ត ឬម៉ូតូប្រើប្រាស់ត្រូវមានចំណែកសម្រាប់បង់ពន្ធជូនរដ្ឋ យើងមិនអាចមានការធ្វេសប្រហេសលើបញ្ហានេះ។ បើរដ្ឋគ្មានចំណូលតើបានអ្វីសម្រាប់ការចំណាយ។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើសូមឲ្យកម្លាំងប្រដាប់អាវុធ នគរបាល កងទ័ព អាវុធហត្ថ និងមន្រ្តីទាំងអស់ ដែលមានផ្លាកលេខនគរបាល កងទ័ព រដ្ឋសភា ព្រឹទ្ធសភា និងរដ្ឋាភិបាលត្រូវតែទៅបង់ពន្ធ ព្រោះមានតែអ្នកមាន ហើយនឹងអ្នកធំដែលជិះ។ កន្លងមកអត់មានអ្នកក្រណាមានលុយទិញឡានជិះនោះទេ៕