ដឹង​ ៤​ ចំណុច កុំ​ឲ្យ​ទៅ​ទិញ​ថ្នាំ​កូវីដ​នៅ​ក្រសួង​ប្រៃសណីយ៍​ប្រយ័ត្ន​ខក​ជើង

សង្គម​ និង​សេដ្ឋកិច្ច

ក្រោយ​ពេល​ក្រសួងសុខាភិបាល បាន​អនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង អាចព្យាបាលនៅតាមផ្ទះបាន ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំ​សហគមន៍​ទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ គណកម្មការកូវីដ១៩ សម្រេចចែកចាយប្រភេទថ្នាំគ្រាប់ព្យាបាល​កូវីដ១៩ ដល់ពលរដ្ឋគ្រប់រូប សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាល ទៅមធ្យមចំពោះមនុស្សពេញវ័យ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយ​ពេល​ក្រសួង​ប្រៃសណីយ​ទទួល​បាន​ការ​ចាត់ចែង​ក្នុង​ការ​លក់​ថ្នាំ​ព្យាបាល​កូវីដ ឃើញ​ថា​មាន​ពលរដ្ឋ​សម្រុក​ទៅ​ទិញ​ ដោយ​បងប្អូន​ខ្លះ​ត្រូវ​ខកជើង​ដោយសារ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ឬ​មិន​ទទួល​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​​មុន​ចំណាយ​ពេល​ត្រូវ​ឈរ​រង់ចាំ​​ដើម្បី​អាច​ទិញ​ថ្នាំយក​ទៅប្រើប្រាស់​បាន។

កាល​ពី​ម្សិលមិញ​នេះ ក្រុម​ការងារ​ឧកញ៉ា​បាន​ចូលរួម​តាមដាន​សកម្មភាព​ការ​ទិញ​ថ្នាំ​ព្យាបាល​កូវីដ​នៅ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ហើយ​ក៏​បាន​ទាក់ទង​សួរ​នាំ​មន្រ្តី​ប្រចាំ​នៅ​ទីនោះ។

បើ​តាម​មន្រ្តី​នៅ​ក្រសួង​ប្រៃសណីយ​បាន​ឲ្យ​ក្រុម​ការងារ​ដឹង​ពី​លក្ខខណ្ឌ​ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​កូវីដ៖

-ត្រូវ​ភ្ជាប់​ទៅ​ជាមួយ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ

-ត្រូវ​មាន​គណនី ABA ដើម្បី​ផ្ទេរ​ទឹកប្រាក់​ ដោយ​ការ​ទិញ​មិន​ទទួល​ជា​លុយ​សុទ្ធ​នោះ​ទេ

-បុគ្គល​ម្នាក់​អាច​ទិញ​បាន​កម្រិត ១ ដូស​ទៅ ២ ដូស​ប៉ុណ្ណោះ (១ដូស​ស្មើ​មួយ​កំប៉ុង)

-មុន​រយៈ​ពេល ០៧ ថ្ងៃ បុគ្គល​ម្នាក់​មិន​អាច​ទិញ​លើស​ពី​ពីរ​ដង​នោះ​ទេ

កាលពីថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ប្រមុខ​រដ្ឋាភិបាល​បានអំពាវនាវដល់ឱសថស្ថាន កន្លែងលក់ថ្នាំទាំងអស់ សូមកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩ តាមចិត្ត ដើម្បីជួយឲ្យបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ងាយទិញសម្រាប់ព្យាបាល។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីរយៈពេលចុងក្រោយនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បានកើនឡើងច្រើន នាំឲ្យប្រជាពលរដ្ឋសម្រុកនាំគ្នាទៅទិញថ្នាំ សម្រាប់ព្យាបាលខ្លួនឯងនៅតាមផ្ទះ។

ក្រោយការ​កម្រើក​ឡើងវិញ នៃការឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ប្រជាពលរដ្ឋបានសម្រុកនាំចេញគ្នាស្វែងរកទិញថ្នាំព្យាបាលជំងឺកូវីដ១៩ ពិសេសឱសថម៉ូណាទ្រីស Molnupiravir។ ឱសថដែលក្រសួងសុខាភិបាលអនុញ្ញាតនេះ មានលក់នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនៅតាមប្រៃសណីយ៍នានាតាមបណ្តាខេត្ត រួមទាំងនៅតាមឱសថស្ថានផងដែរ។ នៅក្រសួងប្រៃសណីយ៍ឱសថ ម៉ូណាទ្រីស Molnupiravir លក់ក្នុងតម្លៃ​៥៥​ដុល្លារក្នុង១ដូស ស្មើនឹងមួយកំប៉ុងមាន ៤០ គ្រាប់។ តែបើតាមឱសថស្ថានឯកជន តម្លៃចាប់ពីជាង៦០ដុល្លារ មាន​ខ្លះ​ដល់​ ៧០​ដល់ជិត១០០ដុល្លារក៏​មាន៕