ក្រោយពីបញ្ចប់ថ្នាក់ទី១២រួច សិស្សានុសិស្សទាំងអស់ត្រូវបន្តស្វែងរកចំណេះដឹងបន្ថែមទៀតនៅសាកលវិទ្យាល័យ។សាកលវិទ្យាល័យគឺជាថ្នាលបណ្ដុះបណ្ដាលនូវជំនាញមួយច្បាស់លាស់ដល់និស្សិត ដើម្បីក្លាយជាបញ្ញវន្តមួយរូបសម្រាប់សង្គម។
នៅថ្ងៃនេះឧកញ៉ាញូហ៍បានចុះទៅសម្ភាសន៍និស្សិតមួយចំនួន ដែលពួកគាត់រៀននៅសាកលវិទ្យាល័យលើការជ្រើសរើសជំនាញផ្សេងៗគ្នា។
កញ្ញា សាន់ ស្រីអាត់ និស្សិតអក្សរសាស្រ្តខ្មែរនៅសាកលវិទ្យាល័យជាតិបាត់ដំបង
និស្សិតវ័យក្មេង កញ្ញា សាន់ ស្រីអាត់ ដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់បានប្រាប់ថា ក្រោយពីបានបញ្ចប់ថ្នាក់ទី ១២ ហើយ នាងមានគោលដៅនឹងបន្តការសិក្សាទៀតនៅសាកលវិទ្យាល័យ តែហាក់ស្ទាក់ស្ទើរក្នុងការជ្រើសរើសជំនាញដែលត្រូវសិក្សាបន្ត។ ក្រោយបានទៅពិភាក្សាជាមួយលោកគ្រូ-អ្នកគ្រូ និងមានការពន្យល់ណែនាំ និងបានសាកល្បងតេស្តសមត្ថភាពរួច នាងសម្រេចចិត្តបន្តសិក្សាជំនាញអក្សរសាស្រ្តខ្មែរ។
ការជ្រើសរើសជំនាញនេះក៏បានឆ្លងការផ្តល់យោបល់ពីឪពុកម្តាយ ព្រមទាំងការសម្រេចចិត្តផ្ទាល់ខ្លួន និងមានការជួយជ្រំជ្រែងពីអ្នកមានគុណយ៉ាងពេញទំហឹង។
យុវតីរូបនេះបានបន្តថា បច្ចុប្បន្ននាងជានិស្សិតអក្សរសាស្ត្រខ្មែរនៃសកលវិទ្យាល័យជាតិបាត់ដំបងឆ្នាំទី ២។ ក្រោយពីបានសិក្សា ២ ឆ្នាំកន្លងមក នាងកាន់តែបានឃើញពីតម្លៃព្រមទាំងគុណប្រយោជន៍ក្នុងការសិក្សាអក្សរសាស្រ្តខ្មែរ។ ចំពោះជំនាញនេះធ្វើឲ្យគេចេះរូបរួមថែរក្សានូវវិស័យអក្សរសាស្ត្រ និងអភិរក្សនូវវប្បធម៌-អរិយធម៌ជាតម្លៃនៃដួងព្រលឹងជាតិផងដែរ។
យុវតីសម្បុរស្រអែមបន្តថា ថ្ងៃអនាគតនាងចង់ក្លាយជាគ្រួបង្រៀនម្នាក់ ដែលជាធនធានមិនអាចខ្វះបានក្នុងសង្គម និងក៏មានគោលបំណងបង្កើតបណ្ណាល័យសហគមន៍មួយសម្រាប់ក្មេងៗពេលទំនេរចូលទៅអានសៀវភៅសម្រាប់កម្សាន្តផង ព្រមទាំងបង្កើននូវចំណេះដឹងផង ដែលនឹងជួយបណ្ដុះនូវចំណេះដឹងសម្រាប់បុគ្គលគ្រប់រូបឈានទៅរកអនាគតដោយភ្លឺស្វាង។
និស្សិតប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និស្សិត ម៉ោះ សម្បត្តិ
និស្សិតខ្មៅស្រអែមរូបនេះបានលើកឡើងថា ការជ្រើសជំនាញក្រោយពីបញ្ចប់ថ្នាក់ទី១២ ត្រូវតែជំនាញដែលជាការស្រឡាញ់ ពេញចិត្ត ចូលចិត្ត ព្រមទាំងបានមើលឃើញពីគុណតម្លៃនៃមុខជំនាញផងដែរ។
យុវជនរូបនេះបានសម្រេចចិត្តរៀននូវជំនាញប្រវត្តិវិទ្យា ក្រោយបញ្ចប់ថ្នាក់ទី ១២ ។ ការជ្រើសរើសជំនាញប្រវត្តិវិទ្យានិស្សិតរូបនេះបានលើកពីគោលបំណងនៅថ្ងៃអនាគត ចង់ក្លាយជាបញ្ញវន្តមួយរូបសម្រាប់សង្គម ព្រមទាំងជាគ្រូបង្រៀនម្នាក់ផងដែរ។
និស្សិត ទ្រី ឡង់ឌី ជានិស្សិតស្ថាបត្យកម្មនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស
និស្សិត តូចល្អិតរូបនេះបានរៀបរាប់ពីការជ្រើសជំនាញរបស់ខ្លួនយ៉ាងដូច្នេះថា ការជ្រើសរើសជំនាញសម្រាប់បន្តទៅឧត្តមសិក្សាគឺវាពិតជាមានសារៈសំខាន់បំផុត និងទាមទារការប្រាកដប្រជាពីសាមីខ្លួន ព្រោះថាយើងជាអ្នករៀនយើងគឺជាអ្នកសម្រេចចិត្ត កុំរៀនតាមគ្នា ឬតាមការបង្ខំពីនរណាម្នាក់ ប៉ុន្តែត្រូវរៀនតាមទេពកោសល្យជំនាញដែលមានពីធម្មជាតិ ទំនោរការស្រឡាញ់ចេញពីក្នុងចិត្ត បន្ទាប់ពីនេះទីផ្សារការងារក៏ជាចំណុចគោលដែលត្រូវសម្លឹង។
យុវជនរូបនេះបានបន្តទៀតថា “ខ្ញុំទទួលបានការសម្រេចចិត្តពីរដង លើកទីមួយគឺជាការសម្រេចចិត្តសិក្សាបន្តតាមឪពុកម្ដាយនិងបងប្អូន ដោយសារជំនាញដែលខ្ញុំរៀនមិនត្រូវជាមួយសមត្ថភាពរបស់ខ្ញុំ លទ្ធផលចុងក្រោយខ្ញុំបានបោះបង់ការសិក្សាពាក់កណ្តាលទី។ ការសម្រេចចិត្តលើកទីពីរ គឺជាការសម្រេចចិត្តដែលកើតចេញពីការ ពិភាក្សា បេះដូង ចិត្ត និង កាយរបស់ខ្ញុំ។ ផ្ដើមពីបេះដូងគឺ ខ្ញុំស្រឡាញ់ជំនាញមួយនេះចិត្តគឺ ខ្ញុំចង់ចេះចង់ដឹងចង់ធ្វើ កាយគឺតស៊ូហត់បន្ទាប់ពីមានការបញ្ជារបស់ចិត្តនិងបេះដូង”។
ដោយសារជីវភាពខ្វះខាតឪពុកម្ដាយបានណែនាំមិនឱ្យឈប់ពីការសិក្សាជំនាញលើកទីមួយនោះឡើយ ដោយសារគាត់យល់ថាជំនាញនោះវាមិនសូវចំណាយច្រើន។ ក្រោយពីមានការទទូចទាំងនិយាយហេតុផលទៅកាន់ពួកគាត់ អំពីជំនាញដែលជ្រើសរើស ពួកគាត់ក៏មិនបានហាមឃាត់បន្ត ក៏ប៉ុន្តែគាត់ប្រាប់ថាមិនសូវមានថវិកាសម្រាប់ចំណាយទៅលើការចាយវាយនិងបង់ថ្លៃសាលានោះទេ។ ដូច្នេះគេត្រូវសម្រេចចិត្តរៀនផងនិងធ្វើការផង ទើបអាចរៀនជំនាញដែលខ្លួនស្រឡាញ់មួយនេះ។
បើតាមយុវជនរូបនេះ រាល់បញ្ហាគឺតែងមានដំណោះស្រាយជានិច្ច ដូច្នេះកុំទាន់អាលអស់សង្ឃឹម។ បច្ចុប្បន្នឡង់ឌីគឺជានិស្សិតស្ថាបត្យកម្មឆ្នាំទី២ នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស។
ទាក់ទងការសិក្សាជំនាញស្ថាបត្យកម្មនេះ អត្ថបទក្រោយឧកញ៉ាញូនស៍នឹងបរិយាយបន្ថែពីយុវជនរូបនេះដែលនឹងចែករំលែកពីការសិក្សារហូតរៀនបានចំណាត់ថ្នាក់លេខ ១ ប្រចាំថ្នាក់៕