ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ដោយដកស្រង់សម្តីរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសម្រេចយល់ព្រមឲ្យបើក ប្រតិបត្តិការយោធាពិសេស នៅក្នុងតំបន់ Donbas នៃប្រទេសអ៊ុយក្រែន។ ខណៈ ប្រតិបត្តិការយោធាពិសេសរបស់ប្រធានាធិបតីរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ត្រូវបានប្រទេសជាច្រើនថ្កោលទោសភ្លាមៗ។
ការអនុញ្ញាតរបស់លោក ពូទីន ធ្វើឡើងស្របពេលដែលក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានជួបប្រជុំគ្នាកាលពីល្ងាចថ្ងៃពុធម្សិលមិញ សម្រាប់កិច្ចប្រជុំបន្ទាន់ជាលើកទីពីររបស់ខ្លួនក្នុងសប្តាហ៍នេះ ដើម្បីជំរុញឱ្យមានការបន្ធូរបន្ថយ និងត្រឡប់ទៅកិច្ចចរចាការទូតវិញ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា លោក ពូទីន បានចាប់ផ្តើមការលុកលុយពេញមួយទឹកដីអ៊ុយក្រែន នេះគឺជាសង្រ្គាមនៃការឈ្លានពាន។ លោកថា អ៊ុយក្រែននឹងការពារខ្លួន ហើយនឹងឈ្នះ។ ពិភពលោកអាច និងត្រូវតែបញ្ឈប់លោកពូទីន។ ពេលនេះដល់ពេលធ្វើសកម្មភាពហើយ។
ជាមួយគ្នានេះ ប្រធានាធិបតី Joe Biden បានចេញមកថ្កោលទោសរុស្ស៊ីផងដែរចំពោះ ការវាយប្រហារដោយមិនញញើត និងអយុត្តិធម៌ លើអ៊ុយក្រែននាពេលនេះ។
លោក Biden ថ្លែងថា៖ “ប្រធានាធិបតី ពូទីន បានជ្រើសរើសសង្រ្គាមដែលបានគិតទុកជាមុន ដែលនឹងនាំមកនូវការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងការឈឺចាប់របស់មនុស្ស។ រុស្សីតែម្នាក់ឯងជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញ ការវាយប្រហារនេះ ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននឹងឆ្លើយតបដោយឯកភាព និងការសម្រេចចិត្ត។
ទន្ទឹមនឹងនោះ អធិការបតីអាល្លឺម៉ង់ Olaf Scholz ក៏បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនថា ជាការបំពានច្បាប់អន្តរជាតិ។
យ៉ាងណាសម្រាប់ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថា លោកមានការតក់ស្លុតចំពោះព្រឹត្តិការណ៍ដ៏រន្ធត់នៅក្នុងប្រទេសអ៊ុយក្រែន ហើយបាននិយាយទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដើម្បីពិភាក្សាអំពីជំហានបន្ទាប់។
លោក Johnson បានសរសេរនៅលើ Twitter ថា “ប្រធានាធិបតីពូទីនបានជ្រើសរើសផ្លូវនៃការបង្ហូរឈាម និងការបំផ្លិចបំផ្លាញដោយបើកការវាយប្រហារដែលមិនបង្កហេតុនេះលើអ៊ុយក្រែន” ។
ដោយឡែក ប្រធានគណៈកម្មការប្រតិបត្តិរបស់ EU លោក Ursula von der Leyen បាននិយាយថា ព្រឹត្តិការណ៍នេះនឹងទទួលខុសត្រូវចំពោះទីក្រុងម៉ូស្គូចំពោះការវាយប្រហារ “អយុត្តិធម៌” លើអ៊ុយក្រែន។ លោកនិយាយនៅលើ Twitter ថា “នៅក្នុងម៉ោងដ៏ខ្មៅងងឹតនេះ គំនិតរបស់យើងនៅជាមួយអ៊ុយក្រែន និងស្ត្រីស្លូតត្រង់ បុរស និងកុមារ នៅពេលដែលពួកគេប្រឈមមុខនឹងការវាយប្រហារ” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុបបាននិយាយថា មេដឹកនាំរបស់ខ្លួននឹងពិភាក្សាអំពីកញ្ចប់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ីនៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៅពេលក្រោយ។ វិធានការរឹតត្បិតបន្ថែមទៀតទាំងនេះ នឹងធ្វើឱ្យមានផលវិបាកយ៉ាងធំធេង និងធ្ងន់ធ្ងរដល់រុស្ស៊ីចំពោះសកម្មភាពរបស់ខ្លួន។
លើសពីនេះមហាអំណាចធំមួយនៅលើពិភពលោក ក៏បានថ្កោលទោស ដោយចិនហៅចំណាត់ការរបស់រុស្ស៊ីលើអ៊ុយក្រែនថា ជា “ការឈ្លានពាន” ហើយបានជំរុញឱ្យភាគីទាំងអស់អនុវត្តនូវការអត់ធ្មត់។
លោក Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មានថា “ចិនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពចុងក្រោយនេះ។ យើងសូមអំពាវនាវដល់គ្រប់ភាគីឲ្យមានការអត់ធ្មត់ ដើម្បីកុំឲ្យស្ថានការណ៍ធ្លាក់ចេញពីការគ្រប់គ្រង”។
លោកថា ស្ថានទូតចិនប្រចាំប្រទេសអ៊ុយក្រែនបានប្រាប់ពលរដ្ឋរបស់ខ្លួននៅអ៊ុយក្រែនឱ្យស្នាក់នៅក្នុងផ្ទះជាវិធានការប្រុងប្រយ័ត្ន បន្ទាប់ពីមានការទម្លាក់គ្រាប់បែកនៅទីក្រុងមួយចំនួនរបស់អ៊ុយក្រែន៕