គម្រោងសាងសង់ផ្លូវល្បឿនលឿនក្រុងបាវិត ខេត្តស្វាយរៀងបានក្លាយជាខេត្តទីពីរបន្ទាប់ពីខេត្តព្រះសីហនុ ដែលមានការសិក្សាពីលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ជាមួយរាជធានីភ្នំពេញ។ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិភាក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។
កិច្ចប្រជុំកម្រិតបច្ចេកទេសនេះធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាព និងពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានី ភ្នំពេញទៅក្រុងបាវិត ក៏ដូចជាដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសំដៅឱ្យរបាយការណ៍នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងបញ្ហាបច្ចេកទេសដើម្បីបំពេញបន្ថែមចំណុចខ្វះ។
សូមជម្រាបជូនថា រដ្ឋាភិបាលកម្ពុជា បានសិទ្ធិឲ្យក្រុមហ៊ុនចិន China Railway International Group Co.,Ltd ធ្វើការសិក្សាពីលក្ខណៈបច្ចេកទេសនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនមួយខ្សែនេះ។
ក្នុងកិច្ចប្រជុំជាមួយក្រសួងសាធារការ កាលពីឆ្នាំកន្លងទៅ តំណាងក្រុមហ៊ុនបានអះអាងថា ការសិក្សាពីស្ថានភាពភូមិសាស្រ្ត និងផលប៉ះពាល់ផ្សេងៗ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញ-បាវិត កំពុងដំណើរការទៅមុខ។
ការអភិវឌ្ឍន៍ជាក់ស្តែងអាចត្រូវការពេលយូរទៀត តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលធ្លាប់បានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនមួយខ្សែនេះ មានប្រវែង១៣៥ គីឡូម៉ែត្រ ហើយគ្រោងនឹងចំណាយប្រមាណ២ ពាន់លានដុល្លារ៕