កម្ពុជា ចុះហត្ថលេខាជាមួយចិន នាំចេញដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មកម្ពុជា សម្របសម្រួលបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ចាប់ពីឆ្នាំ២០២២-២០២៣។ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ ពិធីចុះហត្ថេលខា ក្រោមវត្តមានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃប្រទេសចិន តាមរយៈប្រព័ន្ធអនឡាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ចំពោះសមិទ្ធិផលដ៏ធំ ដែលដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន នឹងត្រូវនាំចេញទៅកាន់ប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

លោករដ្ឋមន្រ្តីបន្តថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលសុទ្ធតែបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជា និងចិន។

បើតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបាន ១១.១៩ ពាន់លានដុល្លារអាមេរិក ជាមួយនឹងការកើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ ២០២០។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានសំណូមពរដល់ អភិបាលខេត្តក្វាងស៊ី ឱ្យបន្តគាំទ្រ និងសម្របសម្រួលដល់ការនាំចូលដំឡូងមីស្ងួតកម្ពុជាទៅកាន់តំបន់ស្វយ័តក្វាងស៊ី និងស្នើជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុស្សរណៈយោគយល់គ្នាក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ី។

សូមជម្រាបថា ពិធីការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា នាព្រឹកនេះ រវាងក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃប្រទេសចិន ចំនួនបី រួមមាន៖ ទី១-អនុស្សរណៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម ទី២-កិច្ចសន្យា ទិញលក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd. និងទី៣-អនុស្សរណៈយោគយល់គ្នាស្តីពី ពាណិជ្ជកម្មដំឡូងមីស្ងួតរវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd. និងទី៤-អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដំឡូងមីស្ងួតឆ្នាំ២០២២ ដោយក្រុមហ៊ុន Guangxi Rural Investment Group Co., Ltd. Yuhua Hongda (Cambodia) Agriculture Development Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.៕