នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនបានឈានសម្រេចបាន ១១.១៩ ពាន់លានដុល្លារអាមេរិក។
ថ្លែងក្នុងពិធីចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា តាមរយៈកិច្ចសហការបានធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកម្ពុជា បានកើនឡើងយ៉ាងគំហុកក្នុងរយៈកាលចុងក្រោយនេះ។ ជាក់ស្តែងនៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបាន ១១.១៩ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ ២០២០។
លោករដ្ឋមន្រ្តីបានបន្តថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ក្រោយប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងកិច្ចប្រជុំកំពូលពិសេសដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងការសន្ទនាអាស៊ាន-ចិន លោកស៊ី ជីងពីង ប្រធានាធិបតីចិនបានប្រកាសថា ប្រទេសចិនមានទីផ្សារក្នុងស្រុកដ៏ធំ ដែលតែងតែបើកចំហជានិច្ចសម្រាប់បណ្តាប្រទេសអាស៊ាន។ ម្យ៉ាងទៀត ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផលិតផលដែលមានគុណភាពកាន់តែច្រើនពីបណ្តាប្រទេសអាស៊ាន រួមទាំងការទិញផលិតផលកសិកម្មដែលមានតម្លៃដល់ទៅ ១៥០ ពាន់លានដុល្លារអាមេរិក។
កាលពីព្រឹកម្សិលមិញនេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានរៀបចំពិធីចុះហត្ថលេខា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ចាប់ពីឆ្នាំ២០២២-២០២៣។
បើតាមលោករដ្ឋមន្រ្តី នេះជាសមិទ្ធិផលដ៏ធំមួយទៀត ដែលដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន នឹងត្រូវនាំចេញទៅកាន់ប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ៕