សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម​ជាង ៧០ បាន​​ដាក់​ពាក្យ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​អាជីវកម្ម​ឌីជីថល

សង្គម​ និង​សេដ្ឋកិច្ច

សហគ្រាស​ខ្នាតមីក្រូ ​តូច និង​​មធ្យម​ជាង ៧០ ដែល​បាន​ដាក់​ពាក្យ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​អាជីវកម្ម​ឌីជីថល​ដែល​អនុវត្តដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ហួ ឆៃឡេង ប្រធាន​គម្រោង​បាន​ប្រាប់​ឧកញ៉ា​ញូសន៍​ឲ្យ​ដឹង​ថា ការ​រៀបចំ​កម្មវិធី​នេះ​ជា​​ឱកាស​ពិសេស​សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន​ទៅ​ជា​អាជីវកម្ម​តាម​បែប​ឌីជីថល។

កម្មវិធី​បណ្តុះបណ្តាល​សម្រាប់​សហគ្រាសធុនតូច និង​មធ្យម លើ​អាជីវកម្ម​បែបឌីជីថល (SME Incubation Programme on Digitalization) ជំនាន់ទី២ នេះ បាន​ចាប់ផ្ដើម​ទទួល​ពាក្យ​ពី​ថ្ងៃ ០១ កុម្ភៈ​ដល់ ០១ មីនា ​ឆ្នាំ​២០២២។

បើ​តាម​លោក​ហួ ឆៃឡេង មក​ដល់​ពេល​នេះ​មាន​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ជាង ៧០ បាន​ដាក់​ពាក្យ​ចូលរួម។ កម្មវិធី​នឹង​ដំណើរការ​ជ្រើសរើស​សហគ្រាស​តែ ៥០ ដែលអាច​​ចូលរួម​វគ្គ​បណ្តុះ​បណ្តាលនេះ។

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន កម្មវិធី​បណ្ដុះបណ្ដាល​សម្រាប់​សហគ្រាស​ធុនមីក្រូ តូច និង​មធ្យម លើ​អាជីវកម្ម​បែប​ឌីជីថល​ផ្តោត​លើ​វិស័យ​អាទិភាព​ចំនួន ៥ គឺ៖

-សិប្បកម្ម

-កសិកម្ម​ និង​កែច្នៃ​ផលិតផល​កសិកម្ម

-កែច្នៃ​សម្លៀកបំពាក់

-ផលិតផល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន

-ផលិតកម្ម​ខ្នាត​តូច​ក្នុង​ស្រុក។

លក្ខណៈ​សម្បត្តិ​អាជីវកម្ម​ដែលអាចចូលរួមក្នុងកម្មវិធី៖

-ជា​អាជីវកម្ម​ដែល​បាន​ចុះបញ្ជី និង​ពុំទាន់បានចុះបញ្ជី

-អាជីកម្មកែច្នៃ​និងចែកចាយផលិតផល (ក្រៅពី​សេវាកម្ម)

-មាន​ទស្សន​វិស័យ​ពង្រីក​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល

-អាជីកម្ម​ដែល​ដឹកនាំ​ដោយស្ត្រី/ មាន​ស្ត្រី​ជា​ម្ចាស់ ឬ​អាជីវកម្ម​ដែល​មាន​មូលដ្ឋាននៅ​តាម​បណ្តា​ខេត្ត នឹង​ត្រូវ​បាន​លើកទឹកចិត្ត

-មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​រួម​ចំណែក​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព។

លោក​ហួ ឆៃឡេង បាន​ឲ្យ​ដឹង​បន្ត​ថា កម្មវិធី​នេះ​មាន​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​បង្វឹក​ផ្ទាល់​ជាមួយ​គ្រូ​ជំនាញ ហើយ​កម្មវិធី​នឹង​ចាប់ផ្តើម​នៅ​ចុង​ខែ​មីនា​នេះ។

កម្មវិធីបណ្ដុះបណ្ដាល​សម្រាប់សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម លើ​អាជីវកម្មបែប​​ឌីជីថល​ អនុវត្តដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដោយមានការគាំទ្រដោយភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) នៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រសួងពាណិជ្ជកម្ម (MOC) និងសហគ្រិនខ្មែរ (KE) ក្រោមការអនុវត្តការផ្តួចផ្តើមថ្មីសំខាន់មួយ នៃគម្រោងពង្រីកការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា (Go4eCAM) ជាមួយនឹងការផ្តោតលើជំនាញ និងសហគ្រិនភាព សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (SME eBiZnest) ដែលត្រូវបានផ្តល់ការគាំទ្រហិរញ្ញវត្ថុដោយកម្មវិធី Enhance Integrated Framework (EIF) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)៕