ស្រាចេកដែលជាផលិតផលរបស់សហគមន៍នៅក្នុងស្រុកថ្មបាំងខេត្តកោះកុង គ្រោងដាក់លក់នៅលើទីផ្សារក្នុងពេលឆាប់ៗនេះ។
កាលពីម្សិលមិញនេះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដាក់លក់ស្រាចេករបស់សហគមន៍ ចរាចរណ៍លើទីផ្សារ។



បើតាមលោកជំទាវអភិបាលខេត្ត ការផ្តួចផ្តើមយកស្រាចេក ដែលផលិតដោយប្រជាពលរដ្ឋខេត្តកោះកុង មកដាក់លក់នៅតាមទីផ្សារ គឺដើម្បីលើកស្ទួយផលិតផលកែច្នៃក្នុងស្រុក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍។ លោកជំទាវបានស្នើដល់ប្រធានមន្ទីរពាណិជ្ជកម្ម ឲ្យយកចិត្តទុកដាក់រៀបចំចុះបញ្ជីកម្មសិទ្ធិបញ្ញាស្រាសហគមន៍ឲ្យបានត្រឹមត្រូវ។
ផ្លែចេកជាផ្លែឈើមួយប្រភេទ ដែលមានអត្ថប្រយោជន៍ច្រើនណាស់ តាំងពីដើម ស្លឹក ព្រមទាំងផ្លែ។ ការបរិភោគផ្លែចេកធ្វើឲ្យយើងមានសុខភាពល្អ រឹងមាំ អាយុវែង។ ចំពោះសហគ្រាស/សិប្បកម្មផលិតស្រាចេកដែលផលិតដោយ សមាគមស្ត្រីផលិតស្រាបុរាណនេះ មានទីតាំងស្ថិតនៅភូមិកណ្ដាល ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។
សូមបញ្ជាក់ផងដែរថា ស្រាចេកនៅខេត្តកោះកុងជាស្រាដែលផលិតដោយស្រ្ដីទាំងអស់។ ស្រានេះមានគុណភាពល្អ ព្រមទាំងមានការកែច្នៃខ្ពស់ ដែលទទួលស្គាល់ពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង៕