នៅក្នុងជំនួបនាវិមានសន្តិភាព នៅក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានពិភាក្សាគ្នាស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
ក្នុងនោះ មេដឹកនាំទាំងពីរបានពិភាក្សាជំរុញនូវវិស័យពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ សុខាភិបាល ទេសចរណ៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា អចលនទ្រព្យ សំណង់ គ្រឿងបន្លាស់រថយន្ត ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យម្ហូបអាហារហាលឡាលជាដើម ក្នុងគោលបំណងជំរុញស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។
បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរយៈពេល៥ ឆ្នាំ ចុងក្រោយនេះ តួរលេខវិនិយោគសម្រាប់ប្រទេសម៉ាឡេស៊ី ឈរនៅក្នុងលំដាប់ថ្នាក់ទី៣ ដោយរំពឹងការរវិនិយោគនឹងកើនឡើង ក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា។
ក្នុងជំនួបនេះដែរ មេដឹកនាំកម្ពុជា និងម៉ាឡេស៊ី បានលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនឲ្យស្វែងរកកាលានុវត្តភាពបន្ថែមទៀតអំពីឱកាសអាជីវកម្ម និងវិនិយោគនៅប្រទេសទាំងពីរ ខណៈប្រទេសទាំងពីមានកិច្ចព្រមព្រៀងស្ដីអំពីការចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការគេចពន្ធទាក់ទងនឹងការយកពន្ធលើប្រាក់ចំណូលរវាងប្រទេសទាំងពីរដែលបានចូលជាធរមានកាលពីថ្ងៃទី១ មករា ឆ្នាំ២០២១ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលផ្ដល់នូវក្របខ័ណ្ឌច្បាប់ដែលបើកចំហ មានតម្លាភាព អាចព្យាករណ៍បាន និងមានប្រសិទ្ធភាពជាងមុនសម្រាប់ការវិនិយោគ។
លើសពីនេះ ប្រទេសទាំងពីរក៏បានគូសបញ្ជាក់ផងដែរពីកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងឆ្នាំ ២០២១ ដោយម៉ាឡេស៊ីទទួលបាន ៣,៥% និងកម្ពុជាទទួលបាន៣% នឹងត្រូវព្យាករណ៍ថានឹងមានភាពល្អប្រសើរជាងនេះទៅទៀតសម្រាប់ឆ្នាំ ២០២២៕