ទីតាំងអគារការិយាល័យក្រុមហ៊ុន Cambrews ដែលជាគេស្គាល់ជាក្រុមហ៊ុនផលិតស្រាបៀអង្គរនៅតាមបណ្តោយមហាវិថីព្រះនរោត្តមក្បែរស្ថានទូតម៉ាឡេស៊ី ត្រូវបានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ទិញយក និងអភិវឌ្ឍជាមជ្ឈមណ្ឌលហាងលក់ទំនិញ និងជាអាហារដ្ឋានទំនើប។
មជ្ឈមណ្ឌលពាណិជ្ជកម្មព្រីនស៍ ថាមស៍ សឃ្វែរ ក្រោយបានរៀបចំកែប្រែជាអគារទំនើបចម្រុះដែលមានអាហារឆ្ងាញ់ៗ និងហាងលក់ទំនិញទាន់សម័យ បានចាប់ផ្តើមបើកដំណើរការសាកល្បងកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ម្សិលមិញនេះ។ព្រីនស៍ ថាមស៍ សឃ្វែរ ត្រូវបានសាងសង់បែរមុខទៅផ្លូវធ្វើដំណើរ និងមានទំហំសរុប 5,278 m²។
ព្រីនស៍ ថាមស៍ សឃ្វែរ ប្រមូលផ្តុំទៅដោយភោជនីយដ្ឋានល្បីៗជាច្រើននៅខ្មែរ ដូចជា Da Tang Restaurant ដែលមានអាហារពិសេសរបស់ទីក្រុងស៊ីអាន ប្រទេសចិន និងChuan Ma Po ដែលមានស៊ុបចង្កាក់ហិលរសជាតិ Sichuan ជាដើម។
ព្រីនស៍ ថាមស៍ សឃ្វែរ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជាគម្រោងដែលត្រូវបានសាងសង់ឡើងក្រោមការវិនិយោគរបស់ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេត គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា។
ព្រីនស៍រៀលអ៊ីស្ទេតគ្រុប ជាបុត្រសម្ព័ន្ធរបស់ Prince Holding Group របស់អ្នកឧកញ៉ាចេន ហ្សី។ គម្រោងអចលនទ្រព្យជាច្រើនត្រូវបានសាងសង់នៅភ្នំពេញក្រោមក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុប ដូចជាអគារទីស្នាក់ការកណ្តាលព្រីនស៍ ហូលឌីង គ្រុប មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា និងព្រីនស៍ ម៉ូឌើន ផ្លាហ្សាជាដើម៕