សង្រ្គាមរុស្សុី-អ៊ុយក្រែន ធ្វើឲ្យពិភពលោកទាំងមូលមានការរង្គោះរង្គើសម្តែងក្តីបារម្ភជាខ្លាំង ដោយស្នើឲ្យគ្រប់ភាគីចូលតុចរចារដើម្បីវិលត្រឡប់មកស្ថានភាពដូចដើម។ តែសាមុីខ្លួនទាំងពីរគឺប្រធានាធិបតីរុស្សុី លោក វ្លាឌីមៀ ពូទីន និងលោក សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនមកទល់នឹងពេលនេះហាក់មិនទាន់បន្ទន់ឥរិយាបទឡើយក្នុងការដោះស្រាយឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស។
ដោយមានការបារម្ភពីជំលោះសង្រ្គាមរុស្សុី-អ៊ុយក្រែន កម្ពុជាក្នុងនាមប្រធានអាស៊ាន នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈនេះ ចេញសេចក្តីថ្លែងការណ៍មួយទំព័រ ស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនទាំងអស់ខិតខំអត់ធ្មត់ និងចាប់យកកិច្ចសន្ទនាតាមមធ្យោបាយការទូត ដើម្បីទប់ស្កាត់កុំឲ្យស្ថានការណ៏កាន់តែធ្ងន់ធ្ងរ។
បើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍នៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន។ យើងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យកាន់តែធ្ងន់ធ្ងរ កាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍។
សេចក្តីថ្លែងការណ៍ដដែរបញ្ជាក់បន្ថែមថា អាស៊ានជឿថា នៅមិនទាន់អស់ឱកាសទេ សម្រាប់ការសន្ទនាដោយសន្តិវិធី ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យវិវត្តដល់លែងគ្រប់គ្រងបាន។ ដើម្បីភាពឋិតថេរនៃសន្តិភាព សន្តិសុខ ស្ថិរភាព និងការរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា វាជាការ ទទួលខុសត្រូវរបស់ភាគីទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្មើគ្នានៃប្រជាជាតិទាំងអស់។
យ៉ាងណា នៅថ្ងៃសៅរ៍នេះ វិមានក្រឹមឡាំងបានចោទអ៊ុយក្រែនថា បដិសេធចំពោះដំណើរការចរចាគ្នា ដែលជាហេតុជំរុញឱ្យ រុស្ស៉ីចេញបញ្ជាឱ្យកងទ័ពបង្កើនការវាយប្រហារ កាន់តែខ្លាំងថែមទៀតលើអ៊ុយក្រែន ពីគ្រប់ទិសដៅទាំងអស់។
ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងកៀវ បានចេញមុខផ្តល់ការបកស្រាយថា ភាគីអ៊ុយក្រែនមិនមែនច្រានចោល ដំណោះការចរចាជាមួយរុស្ស៉ីនោះទេ ប៉ុន្តែអ៊ុយក្រែនមិនទាន់ត្រៀមលក្ខណៈរួចរាល់ ដើម្បីទទួលយកឱសានវាទ ឬមួយលក្ខខណ្ឌដែលពិបាកទទួលយក ពីសំណាក់ទីក្រុងម៉ូស្គូ។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍នេះ បានដកស្រង់សម្តីទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak ថា ខាងអ៊ុយក្រែនគឺបានត្រៀមរៀបចំនូវគោលជំហរចរចារបស់ខ្លួន ប៉ុន្តែបានប្រឈមជាមួយលក្ខខណ្ឌចរចាមិនសមហេតុផលពីសំណាក់ភាគីរុស្ស៉ី។
លោក Podolyak បានបន្ថែមថា អ៊ុយក្រែនចាត់ទុក សកម្មភាពវាយប្រហារយ៉ាងចាស់ដៃរបស់រុស្ស៉ី ជាពិសេសការបាញ់មីស៉ីលតាមផ្លូវអាកាស មកលើបណ្តាទីក្រុងរបស់អ៊ុយក្រែន ជាទង្វើនៃការព្យាយាមបំបាក់ស្មារតីរបស់អ៊ុយក្រែន ហើយបង្ខំឱ្យអ៊ុយក្រែនទទួលយក លក្ខខណ្ឌចរចាដែលមិនអាចទទួលយកបាន ឬពិបាកនឹងទទួលយក៕