ចាប់ពី​ថ្ងៃទី២៨ កុម្ភៈ បុគ្គល​​ម្នាក់​​អាច​​ទិញ​​​ឱស​ថ​​ម៉ូល​ណា​ទ្រីស ​​ពី​ក្រសួង​ប្រៃសណីយ៍ បាន​​៥​កំប៉ុង រីឯ​​ឱ​សថ​​​ស្ថាន ទិញ​បាន​​​​​​៥០​​កំប៉ុង

សង្គម​ និង​សេដ្ឋកិច្ច

នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនគមន៍ បានប្រកាសថា  ចាប់​ពី​ថ្ងៃទី២៨ ខែកុម្ភៈ តទៅ បុគ្គលម្នាក់អាចស្នើសុំទិញឱសថម៉ូលណាទ្រីស​ដែលជា​ឱសថ​ប្រឆាំងវីរុសកូវីដ១៩ បានពី១កំប៉ុង ដល់ ៥កំប៉ុង រីឯមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថ​ស្ថានរងអាចស្នើសុំទិញ ពី ១កំប៉ុង ដល់ ៥០កំប៉ុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លក្ខខណ្ឌអាចទិញឱសថម៉ូលណាទ្រីសនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនគមន៍ បានកំណត់​អោយអ្នកមកទិញត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន ដោយឡែកសម្រាប់​មន្ទីរ​ពេទ្យ​​​ឯកជន គ្លីនិក ឱសថស្ថាន ឱសថ​ស្ថានរង ត្រូវភ្ជាប់មក​ជាមួយលិខិតអនុញ្ញាត​បើក​អាជី​កម្ម​។ ហើយការទូទាត់ប្រាក់ធ្វើតាមធនាគារABA ដោយផ្ទាល់នៅបញ្ជរ។

ក្រសួងប្រៃសណីយ៍ និងទូរគមនគមន៍ បញ្ជាក់បន្ថែមថា ការបញ្ជាទិញអាចធ្វើឡើងសារជាថ្មីក្នុង​រយៈ​ពេល៧​ថ្ងៃយ៉ាងតិច ក្រោយបញ្ជាទិញលើកចុងក្រោយ។ សម្រាប់ការផ្តល់អាទិភាព គឺអ្នកកំពុងមានតម្រូវការព្យាបាល ព្រមទាំងមិនយកទៅលក់បន្ត។

គួរ​រម្លឹកថា ឱសថ «ម៉ូលណាទ្រីស» ឬ ម៉ូលនូពីរ៉ាវា កាប់ស៊ុល២០០មីលីក្រាម អាចប្រើប្រាស់​សម្រាប់ព្យាបាលជំងឺ​កូវីដ១៩ ចាប់ពីកម្រិតស្រាលទៅ មធ្យម​ចំពោះមនុស្ស​ពេញវ័យ អាយុ​ចាប់ពី ១៨ ឆ្នាំឡើងទៅ ។ ឱសថនេះត្រូវបាន​ក្រសួ​ងប្រៃសណីយ៍ និងទូរគមនាគមន៍ ចែកចាយ​លក់ចាប់តាំងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងតម្លៃ ៥៥ ដុល្លារ​អាម៉េរិក ក្នុង១ដូស ដោយ១ដូស ស្មើនឹង ១កំប៉ុង មាន ៤០គ្រាប់ ។សម្រាប់មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថាន​រង អាចលក់បន្តមិន​លើសពី ៦៥ ដុល្លារ អាម៉េរិក ក្នុង១ដូស។

​តាមការពន្យល់របស់  ក្រុមការងារចំពោះកិច្ចគ្រប់គ្រងបែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ឱសថនេះត្រូវលេប១ ថ្ងៃ២ដង ម្ដង៤គ្រាប់  ក្រោយពេល  ទទួលទានអាហាររួចឬ ពេលពោះទទេរ និងគួរលេបទាំងមូលជាមួយទឹកមួយកែវដោយមិនត្រូវ បើកគ្រាប់កិនបំបែក ឬ ទំពារឡើយ។

គួរបញ្ជាក់ថា នៅប៉ុន្មានសប្តាហ៍ចុងក្រោយ ពោលគឺក្រោយចំនួនឆ្លងជំងឺកូវីដ១៩ បន្តកើន​ឡើង​វិញ ហើយមានអ្នកជំងឺខ្លះ​ដែលបាន​ការចាក់វ៉ាក់​សាំង​ពេញ​លេញ មានស្ថានភាពកម្រិតស្រាល បានសម្រាកព្យាបាលនៅតាមផ្ទះរៀងខ្លួន ដោយ​អនុវត្ត​តាមការណែ​នាំរបស់ក្រសួង​សុខា​ភិបាល​នោះគេសង្កេតឃើញមានពលរដ្ឋជា​ច្រើន​នាក់​បានទៅ​ តម្រង់​ជួរទិញឱសថ «ម៉ូល​ណាទ្រីស» ​ នៅតាមឱសថស្ថាន និងនៅក្រសួងប្រៃសណីយ៍ និងទូរគមនគមន៍ ។

មិនមែន​ទិញតែឱសថ​ម៉ូលណាទ្រីស ដែលជាឱសថប្រឆាំងវីរុសកូវីដ១៩នោះទេ ឱសថ​មួយ​ចំនួន​ទៀតដែលសម្រាប់​ព្យាបាល​អាការៈរបស់អ្នកជំងឺ ដូចជាថ្នាំក្អក ក្តៅខ្លួន ឈឺ ក្បាល វីតាមីនសេ ក៏ជាក្រុមឱសថដែលពលរដ្ឋឈរតម្រង់ជួរគ្នាទិញច្រើនដែរ៕