ក្រុមហ៊ុនអាកាសចរណ៍ Thai Smile របស់ប្រទេសថៃ នឹងចាប់ផ្តើមហោះហើរឡើងវិញពីទីក្រុងបាងកក មកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់ទីក្រុងបាងកក ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ បើតាមក្រសួងទេសចរណ៍កម្ពុជា ថាការដំណើរការហោះហើរឡើងវិញ គឺក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិរបស់ប្រទេសថៃមួយនេះនឹងបើកការហោះហើរត្រង់២ជើងក្នុងមួយសប្តាហ៍។
ទន្ទឹមគ្នាជាមួយនឹងការបើកជើងហោះហើរឡើងវិញនេះ នៅកិច្ចប្រជុំលើកទី២ របស់ក្រុមការងារប្រតិបត្តិដើម្បីវាយតម្លៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប របស់អន្តរក្រសួង កាលពីសប្តាហ៍កន្លងទៅ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តសៀមរាប ពង្រឹងលើមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្ត ឱ្យបានទទួលឡាបិល បញ្ជាក់ការអនុវត្តបានត្រឹមត្រូវតាម SOP របស់ក្រសួងទេសចរណ៍ និងជំរុញការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្ដម ថោង ខុន បានបញ្ជាក់ទៀតថា ការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ត្រូវផ្អែកលើសូចនាករសមិទ្ធកម្មចំនួន៤ ដែលរួមមាន៖ ទី១៖ អត្រានៃការចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍ ទី២៖ អត្រាអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងកម្រិតធ្ងន់ និងអត្រាស្លាប់នៃអ្នកជំងឺកូវីដ-១៩ ទី៣៖ សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់គ្រងហានិភ័យ ដែលអាចកើតមានពីវីរុសបំប្លែងថ្មី និងទី៤៖ ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍។
គួរបញ្ជាក់ថា ការបើកជើងហោះហើរទៅមក បាងកក-សៀមរាបឡើងវិញ នេះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងសាធារណជនបន្តចូលរួមផ្សព្វផ្សាយ ក៏ដូចជាជំរុញទេសចរអន្តរជាតិមកកាន់គោលដៅទេសចរណ៍ខេត្តសៀមរាប ដែលជាគោលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សំខាន់បំផុតមួយរបស់កម្ពុជា។
ជាមួយគ្នានេះ នៅកិច្ចប្រជុំលើកទី២ របស់ក្រុមការងារប្រតិបត្តិដើម្បីវាយតម្លៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប របស់អន្តរក្រសួង ក៏បានវាយតំលៃ និងទទួលស្គាល់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបានកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាបនាពេលកន្លងមក ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ រហូតឈានដល់ការបើកដំណើរការសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចនានា ក្នុងគន្លងប្រក្រតីភាពថ្មី៕