រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកសរសើរពីសេវាជួសជុលរថយន្តរបស់យានដ្ឋានអេក្លាសអូតូ ជាយានដ្ឋានកម្រិតស្តង់ដាអន្តរជាតិ។
ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការយានដ្ឋាន អេក្លាសអូតូ ដែលមានទីតាំងនៅផ្លូវជាតិលេខ១ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅព្រឹកមិញនេះ លោករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា នៅទូទាំងប្រទេសមានយានដ្ឋានជួសជុលរថយន្ត ៣ ៧០០ កន្លែង តែកម្រិតស្តង់ដាអន្តរជាតិមិនមានច្រើនទេ។
លោក ស៊ុន ចាន់ថុល របានលើកឡើងថា យានយន្តអេក្លាសអូតូដែលបានបើកសាខានៅម្តុំបឹងស្នោនេះ អាចចាត់ទុកជាយានដ្ឋានកម្រិតស្តងដា ISO អន្តរជាតិ ដែលមានក្រុមបច្ចេកទេសកម្រិតខ្ពស់ និងគ្រឿងបរិក្ខារទំនើប។
លោកក៏លើកទឹកចិត្តដល់យានដ្ឋានពង្រីកសាខាឲ្យកាន់តែច្រើន សម្រាប់ផ្តល់សេវាដល់អតិថិជនដែលត្រូវការសេវាជួសជុលរថយន្តនានា និងរួមចំណែកបញ្ចៀសគ្រោះថ្នាក់លើដងផ្លូវផងដែរ។
បើតាមលោករដ្ឋមន្រ្តី ក្នុងមួយថ្ងៃមានជនរងគ្រោះ ៥ នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ ដែលកត្តាមួយចំនួនក៏បង្កដោយសារយានយន្តនេះដែរ ដែលមានបញ្ហាបច្ចេកទេសហើយមិនបានត្រួតពិនិត្យបានត្រឹមត្រូវ។
លោកស៊ុន ចាន់ថុលបានបន្តថា បច្ចុប្បន្នចំនួនរថយន្តដែលបានចុះបញ្ជីនៅកម្ពុជា បានកើនឡើងដល់ប្រមាណ ៩២០,០០០គ្រឿង ហើយរថយន្តដែលមានអាយុក្រោម ១០ ឆ្នាំ មានតែជាង ១១ម៉ឺនគ្រឿង ក្រៅពីនោះសុទ្ធតែរថយន្តចាស់ៗដែលងាយបង្កគ្រោះថ្នាក់៕