បើយោងតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ នឹងដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ស្អែកនេះ ក្រោមអធិបតីភាពប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន។
ផ្លូវជាតិលេខ៣ ដែលមានប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រដែលប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ដោយចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាមេរិក ឥឡូវនេះបានរួចរាល់ហើយ។ ផ្លូវជាតិមួយខ្សែនេះបែងចែកជា២ផ្នែក ដោយផ្នែកទី១ពីរង្វង់មូលចោមចៅទៅបែកគូស ចាប់ពីគីឡូម៉ែត្រ០+០០០ (ចោមចៅ) ដល់គីឡូម៉ែត្រ ៦៩+៩០០ (បែកគូស) មានប្រវែង ៦៩,៩០គីឡូម៉ែត្រ ត្រូវសាងសង់ពង្រីកទទឹងតួផ្លូវ រហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង។
ចំណែកផ្នែកទី២ពី បែកគូសទៅទីរួមខេត្តកំពត ចាប់ពីគីឡូម៉ែត្រ៦៩+៩០០ (បែកគូស) ដល់គីឡូម៉ែត្រ១៣៤+៧៩៦ (ទីរួមខេត្តកំពត) មានប្រវែង ៦៤,៨៩៦គីឡូម៉ែត្រ សាងសង់ជាផ្លូវប្រភេទបេតុងកៅស៊ូ (AC) កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ចែកជា២គន្លង។
ផ្លូវជាតិលេខ៣ ជាផ្លូវជាតិដែលតុបតែងលម្អដោយមាន ដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ រួមទាំងស្ពានអាកាសថ្មើរជើងសម្រាប់ឆ្លងកាត់ថ្នល់ ប្រកបដោយសុវត្ថិភាព ១០០% ចំនួន ២ កន្លែង។ លើកំណាត់ផ្លូវជាតិដែលទើបស្ថាបនាថ្មីរួចនេះ មានបំពាក់កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន ១៤ កន្លែង រួមទាំងស្ថានីយថ្លឹងយានយន្ដចំនួន ០២កន្លែង និងមានបំពាក់ប្រព័ន្ធកាមេរ៉ា និងជញ្ជីងស្វ័យស្វ័យប្រវត្ត (AI Camera and High Speed Weigh in Motion Senior) ផងដែរ៕