រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតួកគី បានចុះកិច្ចព្រមព្រៀង ជាមួយគ្នាស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។
បើតាមយោងសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថាកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម ម៉េវ លុត ឆាវូសអ៊កលូ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋតួកគីក្នុងនាមរាជរដ្ឋាភិបាលតួកគី។
អគ្គនាយកដ្ឋានពន្ធដារ បានអោយដឹងទៀតថា តួកគី គឺជាដៃគូ DTA ទី១ដែល កម្ពុជាមានជាមួយប្រទេសនៅតំបន់អឺរ៉ុប និងក៏ជាសមាជិក G20 ទី៤ ដែលកម្ពុជាមាន DTA ជាមួយផងដែរ។
កិច្ចព្រមព្រៀងនេះ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោម សមិទ្ធផលសំខាន់ៗជាច្រើនដែលរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាសម្រេចបានក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងការចង្អុល បង្ហាញដោយផ្ទាល់ និងជាប្រចាំរបស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបានចុះហត្ថលេខាលើ DTA ចំនួន ១១ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ រួចហើយគឺ៖ កម្ពុជា-សិង្ហបុរីកម្ពុជា-ថៃ, កម្ពុជា-ចិន, កម្ពុជា-វៀតណាម, កម្ពុជា-តំបន់រដ្ឋបាលពិសេសហុងកុង កម្ពុជា ព្រុយណេកម្ពុជា-ឥណ្ឌូណេស៊ី, កម្ពុជា-ម៉ាឡេស៊ី, កម្ពុជា សាធារណរដ្ឋកូរ៉េ កម្ពុជា-តំបន់រដ្ឋបាលពិសេសម៉ាកាវ និង កម្ពុជា-តួកគី ដែលទើបនឹងបានចុះហត្ថលេខានាពេលនេះ។
ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងធ្វើការចរចា DTA ជាមួយប្រទេស ដៃគូមួយចំនួនដូចជា ហ្វីលីពីន ជប៉ុន ឡាវ និងអេមីរ៉ាតអារ៉ាប់រួមជាដើម៕