នៅក្នុងរយៈពេល២ខែដើម ឆ្នាំ២០២២នេះ ការនាំចេញអង្កររបស់កម្ពុជាមានចំនួនជាង១០ម៉ឺនតោន កើនឡើងចំនួនជាង ២ម៉ឺន៦ពាន់តោន ស្មើ៣៥,២១ភាករយ បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់របស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០១ ខែមិនានេះ។
លោក វេង សាខុន បានបញ្ជាក់ទៀតថា បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ២៦ ៥០៧តោន កើនឡើងចំនួន ៧ ៥១១តោន ស្មើនឹង ៣៩,៥៤ភាគរយ ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៥៦ ៣៨៥តោន កើនឡើងចំនួន ១៨ ៧៥៥តោន ស្មើនឹង ៤៩,៨៤ភាគរយ ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ៩ ៣៧០តោន កើនឡើងចំនួន ៣ ១៤១តោន ស្មើនឹង ៥០,៤៣ភាគរយ និងទិសដៅដទៃទៀតចំនួន១៦ប្រទេស មានបរិមាណសរុប ១០ ៧៩៦តោន ថយចុះចំនួន ២ ៥៧១តោន ស្មើនឹង -១៩,២៣ភាគរយ។
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤១ក្រុមហ៊ុនហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៧៧ ០៣៩តោន ស្មើ៧៥,០២ភាគរយនិងក្រុមហ៊ុន៣១ដទៃទៀតបាននាំចេញត្រឹមតែ ២៦ ០១៩តោន ស្មើ២៤,៩៨ភាគរយ។
សម្រាប់ការនាំចេញស្រូវ លោករដ្ឋមន្ត្រី បានបង្ហាញថា បរិមាណនាំចេញស្រូវមានចំនួន ៦៥១ ១០១ តោន ទៅកាន់ប្រទេសវៀតណាម ក្នុងនោះមានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣ ៧៧៥តោន ដែលមានការកើនឡើងចំនួន ៩២ ០៦៨ តោន ស្មើនឹង១៦,៤៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩ ០៣៣តោន។
ដោយឡែក បរិមាណនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ៣១៨ ៦៤២,៧០ តោន កើនឡើងចំនួន ៦ ៥៧០,៣៣ តោន ស្មើនឹង ០,៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ១ ៣១២ ០៧២,៣៧ តោន ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ១ ៨៣៥ ៤៧៥,៧០ តោន ទៅកាន់ទិសដៅ ៥២ ប្រទេស គឺមានការកើនឡើងចំនួន ១៥៩ ៣៣១,៣៣ តោន ស្មើនឹង ៩,៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១ ៦៧៦ ១៤៤,៣៧ តោន៕