សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនមែនជាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនទៀតទេ គឺជាសង្គ្រាមរវាងរុស្ស៊ីជាមួយអឺរ៉ុបហើយ ដោយសារតាមរយៈនៃការផ្ដល់ជំនួយយោធារហូតដល់យន្តហោះ របស់បណ្តាប្រទេសនៅអឺរ៉ុប អោយអ៊ុយក្រែន ដែលនេះជាការលើកទឹកចិត្តបន្ថែមនៃការធ្វើសង្គ្រាម។
សម្តេចតេជោ ហ៊ុន សែន ថ្លែងដូចនេះនៅក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។
សម្តេច តេជោ លេីកឡេីងបន្តថា មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ ហើយជំហរកម្ពុជាតាំងពីដើមមកគឺមិនគាំទ្រការប្រើប្រាស់កម្លាំង ឬគំរាមកំហែងប្រើប្រាស់កម្លាំង ពីភាគីមួយប្រឆាំងនឹងភាគីមួយទៀតនោះទេ។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ដោយមានការបារម្ភពីជំលោះសង្រ្គាមរុស្សុី-អ៊ុយក្រែន កម្ពុជាក្នុងនាមប្រធានអាស៊ាន នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ក៏បានចេញសេចក្តីថ្លែងការណ៍ ស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនទាំងអស់ខិតខំអត់ធ្មត់ និងចាប់យកកិច្ចសន្ទនាតាមមធ្យោបាយការទូត ដើម្បីទប់ស្កាត់កុំឲ្យស្ថានការណ៏កាន់តែធ្ងន់ធ្ងរ ៕