នៅក្នុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌនៅក្នុងរាជធានីភ្នំពេញ បានកើតមានចំនួន៣២៨លើក បានការថយចុះ ៣២៦លើក ស្មើនឹង ៤៩,៨ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធី “បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ”នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន៣១១ករណី ស្មើនឹង ៩៤,៨ភាគរយ នៃចំនូនបទល្មើសរួម ដែលនេះបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសកាន់តែមានប្រសិទ្ធភាព។ ជាពិសេសការយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយរក្សាបានសន្តិសុខ-សណ្ដាប់ធ្នាប់ សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
ទោះបីជាយ៉ាងណា លោក ឃួង ស្រេង លើកឡើងថា បទល្មើសគ្រឿងញៀន ក៏នៅតែជា ក្តីកង្វល់រួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលចាំបាច់ត្រូវតែបន្តយកចិត្តទុកដាក់រួមគ្នាផងដែរ។
ចំពោះគ្រោះថ្នាក់ចរាចរណ៏វិញ លោក ឃួង ស្រេង ក៏ថាមានការថយចុះដែរ ពោលគឺថយចុះប្រមាណ ៤៣,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈអ្នកស្លាប់និងអ្នករបួសមានការថយចុះគួរឱ្យកត់សម្គាល់ ៕