ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខពីរ ចម្ងាយប្រហែល៧០០ ម៉ែត្រពីស្ពានអាកាសក្បាលថ្នល់មានអគារដ៏ធំមួយ ជាអតីតរោងចក្រកាត់ដេរ បានប្រែក្លាយជាការិយាល័យធ្វើការរួមគ្នាដ៏ធំបំផុតនៅរាជធានីភ្នំពេញ។
សាងសង់លើផ្ទៃដីជាង ៣ ហិកតា Factory Phnom Penhជាអគារការិយាល័យរួមគ្នា Co-Working Space សម្រាប់ម្ចាស់អាជីវកម្មថ្មីថ្មោងដែលត្រូវការកន្លែងមួយប្រកបដោយភាពច្នៃប្រឌិតសម្រាប់បំពេញការងារ។





ជាមួយបរិយាកាសទីធ្លាធំទូលាយ នៅទីនោះត្រូវបានគេរៀបចំបែងចែកជាការិយាល័យតូចធំ មានជាបន្ទប់ដាច់ដោយឡែក និងវាលលំហដែលប្រើប្រាស់រួមគ្នា។
គ្រប់គ្នាក្រៅពីអាចធ្វើការប្រកបដោយផាសុកភាព ក្នុងបរិវេណអតីតរោងចក្រកាត់ដេរនេះត្រូវបានកែច្នៃមានរៀបចំជាកន្លែងកម្សាន្តផ្សេងៗ មានទាំងបណ្ណាល័យ រួមទាំងកន្លែងលេងកីឡាសម្រាប់បន្ធូរអារម្មណ៍ផងដែរ។ ក្រៅពីនោះក៏មានអាហារដ្ឋាន ហាងកាហ្វេយ៉ាងសំបូរបែបមិនខ្វះ។
Factory Phnom Penh ជាកន្លែងបណ្ដុះសហគ្រិនជំនាន់ថ្មី អ្នកច្នៃបង្កើតស្នាដៃថ្មីៗ និងអ្នកធ្វើការវ័យក្មេងៗ ដែលអាចជំរុញផលិតភាពការងារ ឈានទៅសម្រេចអាជីវកម្មក្នុងក្តីស្រមៃរបស់ខ្លួន៕