សម្ដេច ហ៊ុន សែន ប្រាប់បេសកជនជប៉ុនថា ទិសដៅសំខាន់បំផុតនាំមីយ៉ាន់ម៉ាមកនូវលទ្ធិប្រជាធិបតេយ្យ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោក Yohei Sasakawa បេសកជនពិសេសរដ្ឋាភិបាលជប៉ុន និងជាប្រធានអង្គការ The Nippon Foundation នាវិមានសន្តិភាព នៅថ្ងៃទី ៧ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនេះ លោក​ Yohei Sasakawa បានលើកឡើងគាំទ្រនូវដំណើរបំពេញទស្សនកិច្ចការងាររបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីពេលកន្លងទៅនេះ។ លោកថា ជំនួបមួយរយដង គឺមិនស្មើនឹងសកម្មភាពម្ដងនោះទេ នោះគឺដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺបានបើកទ្វា ដែលបានចាក់សោរួចទៅហើយនោះ។

ក្នុងន័យនេះ លោកយល់ឃើញថា នេះគឺជាសកម្មភាពមួយ ដែលធ្វើឡើងដោយអស់ពីចិត្ត ពីបេះដូង ហើយក៏ជាសកម្មភាពដែលទទួលបាននូវការគោរពផង និងផ្ដល់នូវក្តីសង្ឃឹមកាន់តែធំផង ទៅដល់ប្រជាជនមីយ៉ាន់ម៉ា។

ថ្លែងក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងមានចំណាប់អារម្មណ៍ដូចគ្នាចំពោះមីយ៉ាន់ម៉ា នោះគឺការបញ្ឈប់អំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា និងនាំនូវអំណោយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការជំនួយជាចាំបាច់នោះ។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ទិសដៅដែលសំខាន់បំផុតនោះគឺ នាំមកជូនមីយ៉ាន់ម៉ានូវលទ្ធិប្រជាធិបតេយ្យ។

សម្ដេចតេជោបានបន្ថែមទៀតថា ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន សម្ដេចនឹងខិតខំប្រឹងប្រែងបន្តការងារនេះ។ ជាមួយគ្នានេះ សម្ដេចក៏បានស្នើសុំ លោក Yohei Sasakawa បន្តធ្វើការជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង ជាប្រេសិតពិសេសរបស់អាស៊ានលើបញ្ហាមីយ៉ាម៉ា៕