ទិវាសិទ្ធិនារី ៨ មីនា ក្រសួងសាធារណការនិងដឹកជញ្ជូននឹងរៀបចំំឡើងក្រោមប្រធានបទ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត។
លោកជំទាវកុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងថ្ងៃទិវាសិទ្ធិនារី ៨ មីនា ឆ្នាំ២០២២នេះ ក្រសួងសារធារណការនិងដឹកជញ្ជូននឹងប្រារព្ធពិធីឡើងក្រោមប្រធានបទ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត។
ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា គឺជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលបានបង្ហាញពីប្រវត្តិដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោក។ ទិវានេះរំលឹកដល់ស្រ្តីគ្រប់រូប ដែលខិតខំតស៊ូទាមទារនៅការរើសអើងពីសង្គមដូចជា ព្រំដែនជាតិនិងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយដើម្បីទទួលបាននៅ សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។
បើតាមលោកជំំទាវ ដើម្បីសម្រេចបាននៅសមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគតលុះត្រាតែមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។
លោកជំទាវបានបន្តទៀតថា ការទទួលបានសមភាពយេនឌ័រពិតប្រាកដ គឺនៅពេលដែលស្ដ្រីគ្រប់រូបត្រូវបានផ្ដល់ឱកាសនិងអំណាចក្នុងការចូលរួមដើម្បីកសាងអនាគតប្រទេសកម្ពុជា។
ក្រសួងសារធារណការនិងដឹកជញ្ជូន តែងតែប្រារព្ធពិធីសិទ្ធិនារីអន្តរជាតិ ៨ មីនា រៀងរាល់ឆ្នាំ ព្រមទាំងបានលើកកម្ពស់ស្រ្តីពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការរៀបចំដាក់ចេញនៅគោលនយោបាយនិងផែនការសកម្មភាពគ្រប់ជ្រុងជ្រោយនៅក្នុងការគាំពារលើកកម្ពស់ស្រ្តី ការអនុវត្តនៅគោលនយោបាយប្រកបដោយតម្លាភាពនិងសុក្រឹតភាព និងការតាមដានការអនុវត្តនៅគោលនយោបាយប្រកបដោយប្រសិទ្ធភាពខ្ពស់៕