ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ គឺចាប់ឆ្នាំ ២០១៧ ដល់២០២១ កន្លងទៅ កម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសរុស្សីបានចំនួន ១៧ ៥១២តោន។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។
សម្រាប់ឆ្នាំ ២០២១ បរិមាណដែលបានលក់ទៅកាន់ប្រទេសរុស្សីមាន ចំនួន ២ ២២៣ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១ ៩៦៣ ៦៤០ ដុល្លារសហរដ្ឋអាមេរិក និងសម្រាប់ ខែមករា និងខែកុម្ភៈ នៃឆ្នាំ២០២២ បរិមាណអង្ករដែលបាននាំចេញទៅកាន់ប្រទេសរុស្សីមានចំនួនត្រឹមតែ ២០០តោនដែលគិតជាទឹកប្រាក់មានចំនួន ២០០ ៦៤០ ដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនោះ ការនាំអង្ករចេញទៅកាន់ប្រទេសអ៊ុយក្រែនវិញ គឺបានបរិមាណតិចតួចបំផុតត្រឹមតែ ៥៧២តោនតែប៉ុណ្ណោះក្នុងរយៈពេល៥ឆ្នាំ។
សូមបញ្ជាក់ថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២១ ការនាំចេញអង្ករ របស់កម្ពុជា មានចំនួន ៦១៧ ០៦៩តោន មានការថយចុះចំនួន ៧៣ ៧៦០តោន (-១០,៦៨% បើធៀបនឹងបរិមាណនាំចេញ ក្នុងឆ្នាំ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន។
ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៥៧ ៤១៥តោន ស្មើនឹង ៧៤,១៣% អង្ករសគ្រប់ប្រភេទមានចំនួន ១៤៩ ០៨០តោន ស្មើនឹង ២៤,១៦% និងអង្ករចំហុយមានចំនួន ១០ ៥៧៤តោន ស្មើនឹង ១,៧១%៕