រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីប្រទេសថៃ

សង្គម​ និង​សេដ្ឋកិច្ច

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាទទួបានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មានរដ្ឋ AKP នៅថ្ងៃទី៨ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ផ្តល់ដោយសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន ប្រទេសថៃ Rajamangala University of Technology Phra Nakhon –( RMUTP) នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ នៅទីក្រុងបាងកក ប្រទេសថៃ។

កើតនៅថៃ្ងទី ១៣ កញ្ញា ឆ្នាំ ១៩៥១ សង្កាត់លេខ ២ ក្រុងភ្នំពេញ ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជា សមាជិកបណ្ឌិតសភាវិទ្យាសាស្រ្ត នយោបាយនៃទីក្រុងញូយ៉កសហរដ្ឋអាមេរិច។

នៅឆ្នាំ ១៩៧០-១៩៧៥ លោកបានបញ្ចប់ថ្នាក់មហាវិទ្យាល័យនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច និងពីឆ្នាំ ១៩៧២-១៩៧៥ ជាសិស្សមន្រ្តីជាន់ខ្ពស់ខាងការទូតនៃសាលាជាតិរដ្ឋបាល ជំនាន់ទីពីរ។

មុនឡើងកាន់ដំណែងកំពូលជារដ្ឋមន្រ្តី លោក ខៀវ កាញារីទ្ឋ ធ្លាប់ជានិពន្ធនាយកកាសែតកម្ពុជា ពីឆ្នាំ ១៩៧៩ ដល់ ១៩៩០។ ហើយក៏ជាទីប្រឹក្សានាយករដ្ឋមន្រ្តី ពីឆ្នាំ ១៩៩១ ដល់ ១៩៩៣។

ពីឆ្នាំ ១៩៩១ ដល់ ១៩៩៣ លោកជាប្រធានក្រុមលេខាធិការរបស់រដ្ឋកម្ពុជា នៅក្នុងឧត្តមក្រុមប្រឹក្សាជាតិ។ បន្តបន្ទាប់មកជារដ្ឋលេខាធិការក្រសួងព័ត៌មានពីឆ្នាំ ១៩៩៣ ដល់ ២០០៤ ហើយកាន់ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន ពីឆ្នាំ ២០០៤ ដល់ពេលបច្ចុប្បន្ន៕