ប៉មយាមឆ្មាំសមុទ្រតាមបណ្តោយឆ្នេរសមុទ្រ ក្នុងក្រុងព្រះសីហនុ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

សង្គម​ និង​សេដ្ឋកិច្ច

ប៉ុស្តិ៍យាម ឬប៉មយាមឆ្មាំសមុទ្រនៅតាមបណ្តោយឆ្នេរសមុទ្រក្នុងក្រុងព្រះ សីហនុ ចំនួន១២ប៉ម ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ទ្រី ភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គួច ចំរើន បានឲ្យដឹងថា ប៉ុស្តិ៍យាម ឬប៉មយាមចំនួន១២ប៉មនេះ គឺស្ថិតនៅឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ​ បានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយចាប់ពីថ្ងៃនេះតទៅ។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់បងប្អូនឆ្មាំសមុទ្រ ត្រូវប្រើប្រាសប៉មឱ្យបានត្រឹមត្រូវ ដោយឆ្មាំរបស់យើងត្រូវមានកញ្ចែ មេក្រូ និងសម្ភារៈមួយចំនួនទៀត ដើម្បីផ្តល់ពត៌មាន និងជួយសង្គ្រោះដល់អ្នកទេសចរមកលេងទឹកក្នុងករណីមានឧប្បត្តិហេតុចៃដន្យណាមួយ។

គួរបញ្ជាក់ថា ប៉ុស្តិ៍យាម ឬប៉មទាំង១២នេះ គឺអំណោយរបស់ អ្នកឧកញ៉ា ទ្រី ភាព សម្រាប់ជាចំណង ដៃជូនរដ្ឋបាលខេត្តប្រើប្រាស់ជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ខណៈដែលកន្លងមក អ្នកឧកញ៉ា ក៏បានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តជាបន្តបន្ទាប់ ពិសេសក្នុងដំណាក់កាលនៃការបិទខ្ទប់ក្រុងព្រះសីហនុ ដោយអ្នកឧកញ៉ាបានផ្តល់ស្បៀងអាហារសម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុជាដើម។

ក្រៅពីការនេះដែរ អ្នកឧកញ៉ា ទ្រី ភាព មិនត្រឹមតែជាអ្នករកស៊ីដ៏មានឥទ្ធិពលម្នាក់នៅកម្ពុជាប៉ុណ្ណោះទេ។ លោកក៏ត្រូវបានគេដឹងថា កំពុងក្តោបក្តាប់ជំនួញនាំឈើចេញទៅក្រៅប្រទេស ការរកស៊ីលើវិស័យសំណង់ និងវិស័យសណ្ឋាគារជាច្រើនផងដែរ។

ជាក់ស្តែង ដូចជា៖ ខុនដូ កម្ពស់១២ជាន់ នៅសង្កាត់បឹងកេងកង ទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ លើផ្ទៃដី ១៨៦២ម៉ែត្រការ៉េ,សណ្ឋាគារ និង កាស៊ីណូ មិត្តភាព នៅស្រុក អូរយ៉ាដាវ ខេត្តរតនគិរី គ្របដណ្ដប់លើផ្ទៃដី ២ហិចតា ឆ្នាំ ២០១៥, វិមាន ទ្រី ផាលែស រីស្សត និងស្ប៉ា ជាប្រភេទផ្ទះខ្មែរបុរាណ ធ្វើពីឈើប្រណិត គ្របដណ្ដប់ លើផ្ទៃដីប្រមាណ ២ហិចតា នៅខេត្តកែប, សណ្ឋាគារ និង កាស៊ីណូ ថ្មដា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ គ្របដណ្ដប់លើផ្ទៃដី ១០ហិចតា, និងសណ្ឋាគារ និងកាស៊ីណូ អានសេះ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លើផ្ទៃដីប្រមាណ ៥ហិចតាជាដើម៕

អត្ថបទ៖ រង្សី