ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩៨ទៅ៩៩ភាគរយហើយ ពោលគឺនៅតែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះនឹងរួចរាល់ជាស្ថាពរ ដើម្បីដាក់អោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញ ក៏ដូចជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនេះ ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរសៀលថ្ងៃទី១៤ខែ មីនាឆ្នាំ២០២២។
ការចុះពិនិត្យស្ថានភាពជាក់ស្តែងនេះ របស់លោក ឃួង ស្រេង គឺដើម្បីជំរុញការងារដែលនៅសេសសល់ឲ្យបានរួចរាល់ក្នុងរយៈពេល ០៥ថ្ងៃ ទៀតដើម្បីសុំគោលការណ៍បើកប្រើប្រាស់ជាបណ្ដោះអាសន្ននិងពិនិត្យមើលស្ថានភាពនៃការដាក់ទីតាំងវេទិកាបើកសម្ពោធស្ពានអាកាសនេះជាផ្លូវការក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែននាពេលខាងមុខ។ ប៉ុន្តែលោកអភិបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលថ្មីខាងលើនេះនឹងធ្វើឡើងនៅថ្ងៃណានោះទេ។
គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែនិងចំណាយថវិការសាងសង់ប្រមាណ២២លានដុល្លាអាមេរិក៕