នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Noguchi Yasushi មេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន ដែលជំនួបនេះ បានធ្វើឡើងនៅឯសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

ក្នុងជំនួបនេះ លោក Noguchi បានសំដែងការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានធ្វើជាប្រធានអាស៊ាន ហើយក៏សូមសំដែងអំណរសាទរផងដែរចំពោះខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO)។

ជាមួយនោះ ឯកឧត្តម Noguchi ក៏បានសម្ដែងនូវអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុន ជាពិសេស តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកម្មនៅប្រទេសជប៉ុនកន្លងមក ។

លោក Noguchi ក៏បានគោរពប្ដេជ្ញាជូនសម្ដេចតេជោ ថា លោក នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព និងសន្តិសុខក្នុងតំបន់។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានធ្វើការស្វាគមន៍ និងបានសំដែងនូវក្ដីរីករាយ ដែលនាវាជប៉ុន បានចូលចតនៅកម្ពុជា ហើយការចូលចតនេះ គឺចំខួប ៣០ឆ្នាំ របស់ PKO ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការចូលចតនេះ គឺមកឃើញនូវភាពជោគជ័យ នៃប្រតិបត្តិការ PKO កាលពីរយៈពេល ៣០ឆ្នាំកន្លងទៅ ។

តាមប្រតិបត្តិការរក្សាសន្តិភាព PKO ៣០ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ បានមានប្រសាសន៍សង្កេតឃើញថា តួនាទីរបស់ជប៉ុន នៅក្នុងឆាកអន្តរជាតិ ក្នុងការស្វែងរកសន្តិភាពកាន់តែមានការីកចំរើនឡើង ហើយ ប្រតិបត្តិការ PKO ដែលបានមកកាន់កម្ពុជាកន្លងមក មិនត្រឹមតែបានជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ និងបានជួយជំរុញការអភិវឌ្ឍកម្ពុជាថែមទៀតផង។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជាមានមោទនភាពណាស់ ចំពោះកិច្ចប្រតិបត្តិការរបស់ PKO ហើយសម្ដេចបានលើកទឹកចិត្តសូមឲ្យបន្តកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាជំរុញតំបន់ឱ្យមានសន្តិសុខ និងសុវត្ថិភាពនិងគោរពច្បាប់ឲ្យបានត្រឹមត្រូវ ៕
