កូនប្រសារសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឧត្តមភរិយាលោក ស សុខា លោកជំទាវ កែ សួន សុភី នៅថ្ងៃអង្គារ៍ ទី១៥ ខែមីនា បានដឹកនាំនិងក្រុមការងារមកធ្វើសមាធិ នៅវត្តនិគ្រោធវ័ន«គល់ទទឹង»។ នេះបើតាមការឲ្យដឹងតាមរយៈទំព័រហ្វេសបុករបស់ព្រះអង្គ គូ សុភាព ដែលជាធម្មវាគ្មិនដ៏ល្បីនៅប្រទេសកម្ពុជា។

គួររម្លឹកផងដែរថា សមាធិ គឺជាការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬ ការដឹងច្បាស់នូវអារម្មណ៍នោះៗ ដោយសច្ចភាព មិនបណ្តោយឲ្យចិត្តត្រាច់ចរ ទៅរកអារម្មណ៍ផ្សេងៗ។ ជាង២០ឆ្នាំចុងក្រោយនេះមក សមាធិ បានទទួលការស្វាគមន៍ពីសំណាក់ពិភពវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រ។
សមាធិ មានគុណប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព ប្រសិនយើងអនុវត្តធ្វើជាប្រចាំ រៀងរាល់ថ្ងៃ ពី១០ ទៅ៣០នាទីម្តង និងក្នុងរយៈពេលជាច្រើនឆ្នាំ។ ធ្វើសមាធិ អាចពន្យឺតភាពចាស់ទ្រុឌទ្រោមនៃខួរក្បាល និងជួយឱ្យខួរក្បាលមានសមត្ថភាពប្រសើរឡើង ព្រមទាំងអាចជួយគ្រប់គ្រងអារម្មណ៍បានទៀត កាត់បន្ថយអារម្មណ៍ឡើងស្ត្រេស និងសម្រួលដំណេក។

សកម្មភាពនៃការដឹកនាំខ្លួន និងក្រុមការងារឲ្យស្ថិតក្នុងព្រះរតនត្រៃរបស់លោកជំទាវ កែ សួនសុភី គឺបង្ហាញពីកាយវិការស្រឡាញ់គោរព និងផ្តល់តម្លៃខ្លាំងលើគតិអប់រំរបស់ពុទ្ធសាសនា ខណៈដែលលោកជំទាវក៏ជាពុទ្ធសាសនូបត្ថម្ភដ៏ឆ្នើមមួយរូបបានចូលរួមបរិច្ចាគធនធានជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុ ចាន់ សុជន ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះកណ្តាល នៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីកែប្រែសាងសង់វត្តនេះឡើងឲ្យក្លាយជាទីគួរឲ្យចាប់អារម្មណ៍បំផុត។

លើសពីនេះ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា ក៏បាននាំមកនូវស៊ីម៉ង់ ២២តោន អង្ករ២តោន សាដក ១៦៧កញ្ចប់ ព្រមទាំងទេយ្យទានមួយចំនួនទៀត ដើម្បីទុកប្រគេនព្រះសង្ឃវត្តនិគ្រោធវ័ន«គល់ទទឹង» ក្នុងថ្ងៃខួបកំណើតលោកជំទាវ ញ៉ែម សាខន ស ខេង គម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ៕







