កាលពីព្រឹកមិញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីលទ្ធផលនៃប្រតិបត្តិការរុករកជនរងគ្រោះនៅក្នុងឧប្បទ្ទហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប កាលពីថ្ងៃទី ៣ មករា ឆ្នាំ ២០២០ កន្លងមកថ្មីៗនេះ។

របាយការណ៍ចុងក្រោយដែលទទួលបានមកទល់ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង២:០០ នាទីថ្ងៃរសៀលនេះ គឺសរុបជនរងគ្រោះដែលសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់ (ស្រី១៤នាក់) និងជនរងគ្រោះដែលមានជីវិតនៅរស់គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។ នៅពេលនេះការសម្អាតគំនរបាក់បែកក៏បានពង្រាបដល់បាតក្រោមផ្ទាល់ដីដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រតិបត្តិរុករក និងជួយសង្គ្រោះនេះត្រូវបានបិទបញ្ចប់នៅម៉ោង ១១:៣៥ នាទីព្រឹក ដោយប្រើរយៈពេល៤៣ម៉ោង។ ឆ្លើយតបទៅនឹងមតិមួយចំនួនដែលបានលើកឡើងថា ហេតុអី្វប្រតិបត្តិការនេះត្រូវប្រើពេលយូរម្ល៉េះ? សម្តេចតេជោ បានបញ្ជាក់ថា យើងមិនអាចធ្វើដោយទទឹងទិសនោះទេ ពោលគឺពេលណាដែលយើងសង្ស័យថាមានអ្នកនៅរស់ គឺយើងត្រូវបញ្ឈប់គ្រឿងចក្រ ហើយត្រូវរកវិធីដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ម្យ៉ាងវិញទៀត យើងក៏ត្រូវគោរពទៅលើសាកសពផងដែរ យើងមិនអាចអោយគ្រឿងចក្រកាយទៅប៉ះពាល់ដល់សាកសពឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្លាំងប្រតិបត្តិការទាំងអស់ មិនថាតែខេត្តកែបទេ គឺមកពីបណ្តាខេត្តនានាផងដែរ។ សម្តេចតេជោនាយករដ្ធមន្រ្តី ក៏បានគោរពថ្លែងនូវអំណរព្រះគុណយ៉ាងខ្ពង់ខ្ពស់បំផុតដល់ ព្រះមហាក្សត្រកម្ពុជា និង សម្តេចម៉ែ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រទ័យទុកដាក់អំពីសុខទុក្ខប្រជារាស្ត្រ ហើយព្រះអង្គក៏បានចូលរួមជាព្រះរាជអំណោយថវិកា ក្នុងការជួយដល់បងប្អូនជនរងគ្រោះនៅក្នុងឧប្បទ្ទវហេតុដ៏រន្ឋត់នេះផងដែរ។

នៅក្នុងប្រតិបត្តិការសង្រ្គោះបន្ទាន់នេះ សម្តេចតេជោនាយករដ្ធមន្រ្តី បានសម្រេចមិនដកដំណែងអភិបាលខេត្តកែបទេ ព្រោះសម្តេចគិតថានេះមិនមែនជាកំហុសរបស់អភិបាលខេត្តនោះដែរ វាជាឧប្បទ្ទហេតុ។ សម្ដេចតេជោ បានទាញលើកឧទាហរណ៍នៃការបាក់រលំអាគារដែលបានកើតមានឡើងនៅតាមបណ្ដាលប្រទេសផ្សេងៗ ក៏គេមិនមានការដកតំណែងអភិបាលក្រុង ឬអភិបាលខេត្តនោះដែរ នេះគឺជារឿងឧប្បទ្ទវហេតុសម្រាប់ប្រទេសមួយៗ។ ផ្ទុយទៅវិញ សម្តេចតេជោនាយករដ្ធមន្រ្តី បានស្ដីបន្ទោសដល់មន្ត្រីបក្សនយោបាយ និងមន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួន ដែលបានចូលរួមបញ្ចេញយោបល់ក្នុងការជំរុញឲ្យអោយដោះដូរអភិបាលខេត្ត ឬក៏ដោះដូរមន្ត្រីនេះ មន្ត្រីនោះ ហើយ សម្ដេចតេជោ បានព្រមានថា សម្តេចនឹងស្រាវជ្រាវ និងព្រមានដល់មន្ត្រីទាំងនោះនាពេលបន្ទាប់នេះ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្ចាស់អគារ៧ជាន់ដែលបានបាក់រលំនេះគឺកំពុងស្ថិតក្នុងដៃសមត្ថកិច្ច ដែលត្រូវអនុវត្តទៅតាមនីតិវិធីតុលាការ។ សម្តេចតេជោ បានបញ្ជាក់ថា រឿងដែលសំខាន់បំផុតក្នុងអំឡុងពេលកើតហេតុនោះ គឺការជួយសង្រ្គោះជីវិតមនុស្ស កុំគិតទៅតែលើរឿងស្តីបន្ទោសនោះទេ។

ចំពោះការជួយឧបត្ថម្ភទៅលើបងប្អូនជនរងគ្រោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដែលទទួលបានពីសប្បុរសជន គឺសំរាប់អ្នកដែលរងរបួសគឺទទួលបាន១ម៉ឺនដុល្លារ។ ដោយឡែកករណីពិសេសនៃការជួយសង្គ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ សំរាប់គ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និង បន្ថែម១០លានរៀលទៀតសម្រាប់ពិធីបុណ្យសព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះបន្ទាន់នេះ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានថវិកាជួយដល់បងប្អូនជនរងគ្រោះ៕


