ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាប់ផ្ដើមបំពាក់បំពង់ពន្លត់អគ្គិភ័យសម្រាប់សង្គ្រោះបឋម នៅតាមម៉ូតូចល័តរបស់មន្ត្រីនគរបាល ដើម្បីអាចជួយសង្គ្រោះបឋមបានទាន់ពេលវេលា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តបុកគ្នាបណ្តាលឱ្យមានអគ្គិភ័យកើតឡើង។

កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ជិម សុវណ្ណ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលបានសម្រេចបំពាក់បំពង់ពន្លត់អគ្គិភ័យនៅតាមម៉ូតូចល័តរបស់មន្ត្រីនគរបាល ដែលប្រចាំការនៅតាមគោលដៅនានាក្នុងក្រុងសៀមរាប ដើម្បីសង្រ្គោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តបុកគ្នាបណ្តាលឱ្យមានអគ្គិភ័យ អាចជួយសង្គ្រោះបឋមបានទាន់ពេលវេលា ។
លោកបានបន្តថា កន្លងមកពេលមានគ្រោះអគ្គីភ័យតូចតាច ឬគ្រោះថ្នាក់ចរាចណ៍បង្កឱ្យមានអគ្គិភ័យផ្តើមចេញពីតូចមួយ តែពេលមន្រ្តីនគរបាលចរាចរណ៍ទៅដល់គោលដៅកើតហេតុមុនគេ បានត្រឹមបញ្ជៀសចរាចរណ៍ប៉ុណ្ណោះដោយមិនអាចជួយគ្រោះបឋមបាននោះទេដោយសារតែគ្មានឧបករណ៍ ប៉ុន្តែចាប់ពីពេលនេះទៅ បើមានករណីអគ្គិភ័យក្នុងទំហំតូច ហើយមន្រ្តីនគរបាលចរាចរណ៍បានទៅដល់គោលដៅមុនគឺពួកគាត់អាចជួយគ្រោះទាន់ពេល។

សូមបញ្ជាក់ថា នេះជាលើកដំបូងហើយដែលនគរបាលចរាចរណ៍ផ្លូវគោកបានបំពាក់បំពង់ពន្លត់អគ្គិភ័យនៅតាមម៉ូតូ ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានអគ្គិភ័យ ដែលនិងអាចជួយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
យ៉ាងណា សម្រាប់ជំហានដំបូងនេះ គឺបំពាក់បំពង់ពន្លត់អគ្គិភ័យសម្រាប់នគរបាលចរាចរណ៍ផ្លូវគោកចំនួន៧ម៉ូតូ ដោយក្នុងមួយម៉ូតូមានបំពង់ពន្លត់អគ្គិភ័យចំនួន២បំពង់ ខណៈពេលខាងមុខគ្រោងបំពាក់ទៅលើម៉ូតូឱ្យបានច្រើនបន្ថែមទៀត៕

អត្ថបទ៖រង្សី