តាមរយៈលិខិតលេខ ៥៦ សជណ ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុន ៣ អិលអិមធី អ៊ិនវេសម៉ិន ឯ.ក ធ្វើការអភិវឌ្ឍលើដីកោះក្រោយវត្តចំប៉ា ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
អាជ្ញាធរក៏ណែនាំឱ្យប្រជាជនឈប់សាងសង់ និងទន្រ្ទានកាន់កាប់ដីកោះនោះទៀត ដើម្បីចៀសវាងប្រឈមមុខផ្លូវច្បាប់។
តាមរយៈអាជ្ញាធរខណ្ឌច្បារអំពៅ បានចេញសេចក្តីជូនដំណឹងស្តីពីការទប់ស្កាត់ការសាងសង់សំណង់មិនរៀបរយ ការចាក់ដី ឬខ្សាច់ និងការទន្ទ្រានកាន់កាប់ដីកោះ ក្រោយរដ្ឋាភិបាលសម្រេចប្រគល់ឲ្យក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍ។
អាជ្ញាធរក៏ប្រកាសដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ ចូលរួមជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងក្រុមការងារចុះសិក្សា និងវាស់វែងនៅលើទីតាំងដីជាក់ស្តែង ដើម្បីដោះស្រាយចៀសវាងបាត់បង់ផលប្រយោជន៍ផ្សេងៗ ដោយយកឯកសារពាក់ព័ន្ធការកាន់កាប់ដីមកបង្ហាញក្រុមការងារនៅទីតាំងទីលានកីឡា ក្រោយវត្តចំប៉ា ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។