គំាទ្រពេញទំហឹងឯកឧត្តម ជា សុផារ៉ា ដាក់វិធានការហាមក្រុមហ៊ុន មិនត្រូវអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងអគារដែលកំពុងសាងសង់

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំពីការងារសិក្សាគម្រោងប្លង់ និងសាងសង់អគារ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុន អ្នកម៉ៅការសាងសង់ និងក្រុមជាងសំណង់ប្រមាណ១ពាន់នាក់ នៅក្នុងកិច្ចប្រជុំនេះលោកបានដាក់វិធានការដល់ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ទាំងអស់ក្នុងប្រទេសកម្ពុជា មិនត្រូវអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងអគារដែលកំពុងសាងសង់នោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំនោះ លោក ជា សុផារ៉ា ណែនាំក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ទាំងអស់ ឲ្យសាងសង់កន្លែងស្នាក់នៅ ដែលមានសុវត្ថិភាព និងសុខមាលភាពដល់កម្មករ។ លោកព្រមានថាក្នុងករណីល្មើស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានករណីអន្តរាគមន៍ឡើយ។

រដ្ឋមន្រ្តីដែនដី សង្កត់ធ្ងន់ដូច្នេះថា៖«គ្មានជម្រកកម្មករ ទុកឲ្យកម្មករស្នាក់នៅក្នុងអគារកំពុងសាងសង់ នេះជាប្រការមិនអាចអនុញ្ញាតឲ្យបានទេ នៅពេលបច្ចុប្បន្ននេះ។ កន្លងមកក៏មានការណែនាំដែរ ប៉ុន្តែការណែនាំនេះមិនទាន់ទទួលបានការអនុវត្តពេញលេញនៅឡើយ»។

លើសពីនេះ លោករដ្ឋមន្រ្តី បានក្រើនរម្លឹកដល់ក្រុមហ៊ុនសាងសង់ និងអ្នកម៉ៅការសំណង់ទាំងអស់ ឲ្យគោរពទៅតាមបទដ្ឋានគតិយុត្តិ បទដ្ឋានបច្ចេកទេស និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។ ម្យ៉ាងទៀត លោក បានប្រាប់ឲ្យអាជ្ញាធរ ឲ្យគ្រប់គ្រងដែនដីរបស់ខ្លួនឲ្យបាន ចំពោះសំណង់ដែលគ្មានច្បាប់ ដោយមិនត្រូវអនុញ្ញាតឲ្យសាងសង់ឡើយ ហើយត្រូវអនុវត្តតាមច្បាប់ជាធរមាន។ លោក ថែមទាំងបានបង្គាប់ឲ្យមន្ត្រីភូមិបាលដែនដី ចុះពិនិត្យឲ្យបានល្អិតល្អន់គ្រប់ការដ្ឋានសាងសង់ ហើយពេលមានបញ្ហាត្រូវតែទទួលខុសត្រូវលើដែនដីរបស់ខ្លួនគ្រប់គ្រង មិនអាចឆ្លើយដាក់នរណានោះទេ ៕

ប្រភព៖kbn