សម្តេច ហ៊ុន សែន៖​ «ការលុបចោល និងកែសម្រួលលក្ខខណ្ឌចំនួន៣លើអ្នកដំណើរបរទេស គឺដើម្បីទាក់ទាញវិនិយោគមកកាន់កម្ពុជា»

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការប្រកាសសម្រេច លុបចោលចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន និងលុបចោលការធ្វើតេស្តរហ័សពេលមកដល់ទឹកដីកម្ពុជា គឺដើម្បីទាក់ទាញការវិនិយោគ និងជំរុញការធ្វើទុរកិច្ចនៅកម្ពុជាឲ្យកាន់តែច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងពីប្រមុខរដ្ឋាភិបាលកម្ពុជានាពេលនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ«ភូមិកុមារ SOS» តម្លៃជាង១លានដុល្លារ ក្នុងខេត្តព្រៃវែង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។

នាឪកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការដែលរដ្ឋាភិបាល ប្រកាសលុបចោលចោល​លក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន និងលុបចោលការធ្វើតេស្តរហ័សពេលមកដល់ទឹកដីកម្ពុជា គឺដោយសាររដ្ឋាភិបាលចង់សម្រួលបញ្ហានេះ ដើម្បីទាក់ទាញការវិនិយោគ និងធ្វើទុរកិច្ចនៅកម្ពុជា ដើម្បីសម្រេចគោលដៅនៃការអភិវឌ្ឍន៍ប្រទេស និងសេដ្ឋកិច្ចកម្ពុជា ពិសេសដើម្បីរៀនរស់នៅជាមួយ កូវីត-១៩ផងដែរ ខណៈចង់កាត់បន្ថយចំណាយលើការធ្វើតេស្តផងដែរ។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ ករណីឆ្លងនៅលើពិភពលោកយើងនេះជា៩៥% ជាកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង ទោះជាករណីឆ្លងច្រើនក៏ពិតមែន តែអត្រាឈឺ និងករណីស្លាប់ដោយកូវីដ-១៩មានការថយចុះយ៉ាងខ្លាំង ហើយមានប្រទេសមួយចំនួននៅអឺរ៉ុបចាត់ទុកជារឿងសធម្មតាទៅហើយ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានប្រកាសលុបចោលនិងកែសម្រួលលក្ខខណ្ឌមួយចំនួន ចំពោះអ្នកដំណើរមកពីបរទេស ពេលមកដល់ប្រទេសកម្ពុជា នៅចំនុចសំខាន់ៗ ចំនួន៣ ដូចខាងក្រោម៖
១៖ លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។ ២៖ លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។ និង៣៖ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

យ៉ាងណា ទោះបីមានការលុបចោលលក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២ខាងលើនេះក៏ដោយ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ ជាមួយគ្នានេះអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។

ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមទីតាំងដែលកំណត់ដោយ ក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច៕
អត្ថបទ៖ រង្សី