សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យរៀបចំបើកស្ថានទូតរវាងកម្ពុជា និងហុងគ្រីជាថ្មីឡើងវិញ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រី ឱ្យកាន់តែស៊ីជម្រៅនិងពេញលេញថែមទៀត ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញបែបដូចនេះ នៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវជំនួយវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ពីប្រជាជន និងរដ្ឋាភិបាលហុងគ្រី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។
សម្តេចតេជោ បានលើកឡើងបន្តថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹង មាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិត ស្និទ្ធនាពេល អនាគត ។
ជាមួយគ្នានេះ ឯកឧត្ដម Istvan BAKOS ភារធារីស្ដីទីនៃស្ថានទូតហុងគ្រីប្រចាំកម្ពុជា បានលើកឡើងដែរថា ក្នុងនាមប្រទេសជាមិត្តប្រពៃណី និងជាសម្ព័ន្ធមិត្តរបស់កម្ពុជា ហុងគ្រី មានសេចក្តីសោមនស្ស រីករាយក្នុងការគាំទ្រ កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ឯកឧត្ដម បន្ដថា ប្រទេសហុងគ្រីមានមោទនភាពដែលបន្ថែមពីលើការផ្តល់អាហារូបករណ៍ ដល់យុវជនកម្ពុជាដែលមានទេពកោសល្យ និងសម្រាប់ថ្នាក់បណ្ឌិត ការជួយកម្ពុជាក្នុងការបោសសម្អាតមីន និងសំណល់ពីសង្រ្គាម ក៏ដូចជាការផ្តល់ឱកាសពាណិជ្ជកម្ម និងវិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទាំងក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហុងគ្រីក៏អាច ចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យវិលមករកប្រក្រតីភាពឡើងវិញនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។