កម្ពុជា​កំពុងតាម​ដានជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី ដើម្បី​​រៀបចំ​គោលនយោបាយ និងវិធាន​​ការអន្ត​រាគមន៍សេដ្ឋ​កិច្ច​​

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រសិនបើជំលោះរវាងអ៊ុយក្រែន-រុស្ស៊ី នៅតែ​បន្ត​​អូសបន្លាយទៅមុខ អាចនឹងជះឥទ្ធិពលអវិជ្ជមានលើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋ​កិច្ច​​កម្ពុជា ហើយ​កម្ពុជា​​កំពុង​តាមដានដើម្បីរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធាន​​ការអន្ត​រាគមន៍​ចាំបាច់ឱ្យបានទាន់ពេល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះ នៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវ​ជំនួយវ៉ាក់សាំ​ង​កូវីដ-១៩ ប្រភេទ AstraZeneca ពីប្រជាជន និងរដ្ឋាភិបាលហុងគ្រី ជូនប្រជាជន និងរាជរដ្ឋាភិបាល​កម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ បានឱ្យដឹងថា កម្ពុជា​រំពឹងថានឹងអាចស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈ​ការកែលម្អនូវ​ចន្ទល់​​សេដ្ឋកិច្ច​សំខាន់ៗ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងការស្វែងរកជន្ទល់ថ្មី​ប្រកប​ដោយសក្កានុពល​ពីវិស័យផ្សេង។ បើទោះបីជាសេដ្ឋកិច្ចនៅក្នុងវិស័យ​ទេសចរណ៍នៅមិនទាន់​ងើប​​ឡើងវិញក៏ដោយ ក៏វិស័យ​សំខាន់​មួយចំនួនបាន​នឹងកំពុង​ស្ដារនិងជំរុញដំណើរការជាប្រក្រតី​ឡើង​វិញ ដែលជាលទ្ធផលកម្ពុជារំពឹងថានឹងធានាបានបានកំណើន​សេដ្ឋកិច្ច​​ក្នុងកម្រិត​ប្រមាណ​៣ភាគរយ​​ក្នុង​ឆ្នាំ​២០​២១ និងអាចកើនឡើងដល់៥ភាគរយនៅ​ឆ្នាំ២០២២។

សម្ដេចតេជោ បានឱ្យដឹងបន្តថា ភាពមិនប្រាកដប្រជានៅបន្ត​មានក្នុងកម្រិតគួរ​ឱ្យព្រួយ​បារម្ភ។ ដោយ​សារការកើត​មាន​ឡើង​​​នូវបញ្ហា​ប្រឈមនានាផ្សេងទៀត។ ជាក់ស្ដែង ជម្លោះរវាងអ៊ុយ​ក្រែន-រុស្ស៊ី អាច​​នឹងជះឥទ្ធិពល​អវិជ្ជ​មានមក​លើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ប្រសិន​​បើជម្លោះ​នេះ​បន្តអូស​បន្លាយ​ទៅមុខ។ ក្នុងន័យនេះ កម្ពុជាបាន​និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះ​បញ្ហាប្រឈមទាំងនេះ ដើម្បី​អាច​រៀបចំគោលនយោបាយ និងដាក់ចេញ​នូវវិធានការ​​អន្តរាគមន៍​ចាំ​​បាច់ឱ្យបានទាន់ពេល។

គួរបញ្ជាក់ថា ​សង្គ្រាម​នៅអ៊ុយក្រែន​ដែល​បាន​ចាប់​ផ្ទុះ​ឡើងកាល​ពី​ថ្ងៃទី​២៤កុម្ភៈ ឆ្នាំ២០២២​ កំពុង​បន្ត បណ្តលមានការបាត់ប​ង់ជីវិត និងរបួសជនស៊ីវិល និង​យោធា ​ហើយបច្ចុប្បន្ន ពិភពលោក​កំពុងតែ​​តាមដាន​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជាទីបំផុត​ ។ ជាមួយគ្នា ក្រោយសង្គ្រាមផ្ទុះឡើងរវាងរស្ស៊ី និង​អ៊ុយក្រែន ជាង៣សប្ដាហ៍មកនេះ ក៏បានតម្លៃប្រេង នៅលើពិភពលោក បានហក់ឡើងកាន់តែខ្ពស់ ដែលកំពុងចោទជាបញ្ហាកាន់តែច្រើនសេដ្ឋកិច្ចពិភពលោក។ ជាក់ស្តែង តម្លៃប្រេងសាំងនៅ​តាម​ស្ថា​នីយ៍​​មួយចំនួនក្នុងប្រទេសកម្ពុជា ក៏មានការឡើងថ្លៃដែរ ដោយសាំងធម្មតា មួយលីត្រ​លក់​ក្នុងតម្លៃជិត៥៣​០០​រៀល រីឯ​ប្រេងម៉ាស៊ូត ៥៣០០រៀល៕