អគារ​មន្ទីរពេទ្យ​រដ្ឋ​ទំនើប​ដំបូង​គេ​កម្ពស់ ១១ ជាន់ គ្រោង​សម្ពោធ​ជា​ផ្លូវការ​ថ្ងៃ ២១ មីនា​នេះ

សង្គម​ និង​សេដ្ឋកិច្ច

អគារ​មន្ទីរ​ពេទ្យ​​កម្ពុជា-ចិន​ ព្រះកុសុមៈ​ ដែលជា​ជំនួយសាងសង់​របស់​ចិន​តម្លៃជាង​ ៨០​លាន​ដុល្លារ​ នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ ២១ មីនា​ ក្រោយ​ដំណើរ​ការ​សាងសង់​អស់​រយៈពេល​ ​៣ឆ្នាំ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាគារ​មន្ទីរពេទ្យ​រដ្ឋ​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិននេះ ត្រូវ​សាងសង់​ឡើង​ផ្តោត​លើ​គុណភាព​និង​ប្រើប្រាស់​ថាមពល​ទាបបំផុត។

អាគារពេទ្យថ្មីក្រោមជំនួយចិនតម្លៃ ៨១ លានដុល្លារនេះ នឹង​ក្លាយ​ជាមន្ទីរពេទ្យ​ដំបូងគេ​ក្នុង​ប្រទេស​កម្ពុជា ដែលមាន​ប្រព័ន្ធវេជ្ជសាស្រ្តទំនើប ប្រើប្រាស់ថាមពលទាប និងមាន​គុណភាព​ខ្ពស់។​ ​ការងារ​សាងសង់​គម្រោងអគារ​មន្ទីរពេទ្យ​នេះ បានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៨។

អាគារ​ «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ» មានកំពស់ ១១ជាន់ ១៣២បន្ទប់ ឬ ស្មើនឹង ៤០០គ្រែ ត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ និងបែងចែកទៅជាផ្នែកផ្សេងៗ រួមមាន ផ្នែក​​វះកាត់ សេវាព្យាបាលក្រៅ សង្គ្រោះបន្ទាន់ បច្ចេកវិជ្ជាវេជ្ជសាស្ត្រ មន្ទីរពេទ្យ និងភស្តុភារ។ បើតាម​ក្រុមហ៊ុម​ម៉ៅការ​សាសងចិន អគារនេះ​មានសាងសង់​ចំណតឧទ្ធម្ភាគចក្ររ​សម្រាប់​សង្គ្រោះបន្ទាន់ ទម្ងន់​មធ្យម​ពី ៣តោន ទៅ ៥តោន ផងដែរ។

ក្នុង​កម្មវិធី​សម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាង​មុខ​នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏​បាន​ចេញសេចក្តី​ជូនដំណឹងស្តីពី​ការបញ្ចៀស​ចរាចរយានយន្ត​គ្រប់​ប្រភេទជា​បណ្តោះអាសន្ន ចាប់ពីម៉ោង ០៥៖០០នាទី ដោយ​មិន​អនុញ្ញាត​ឱ្យយាន​ជំនិះគ្រប់​ប្រភេទ​ឆ្លងកាត់​កំណាត់មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចាប់ពីស្ពានអាកាស ៧ មករា ដល់​វិថី​ឧកញ៉ា​ទេពផន (ផ្លូវលេខ១៨២) និង​កំណាត់ផ្លូវលេខ២៦៥ ចាប់ពី​មហាវិថីកម្ពុជាក្រោម (ផ្លូវលេខ១២៨) ដល់​វិថី​ឧកញ៉ា​ទេពផន (ផ្លូវលេខ១៨២)៕