មេពន្ធដារបង្ហាញឈ្មោះក្រុមហ៊ុនបរទេសចំនួន ៥ ក៏មានក្រុមហ៊ុន Tiktok និង Microsoft បានចុះបញ្ជីនៅកម្ពុជា ដើម្បីអនុវត្តអាករលើតម្លៃបន្ថែម (VAT)
ចូលរួមក្នុងកម្មវិធីពិសេស ស្តីពីពន្ធលើប្រាក់ចំណូល, ពន្ធលើចំណេញមូលធន, អ.ត.ប ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនអន្ដរជាតិធំៗចំនួន៥ បានមកចុះបញ្ជីនៅកម្ពុជា ដើម្បីអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីខែមេសា ឆ្នាំ២០២២ខាងមុខនេះ។
លោកបញ្ជាក់ថា ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមានការពន្យារពេលទៀតទេ។ រដ្ឋាភិបាលបានពន្យារការអនុវត្ដនៃការដាក់ឲ្យប្រើប្រាស់ពន្ធ E-commerce ដល់ខែមេសា ខណៈអគ្គនាយកដ្ឋានពន្ធដារក៏បានត្រៀម និងកំពុងតែរៀបចំនូវកម្មវិធី នៃផ្នែកប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទទួលប្រតិបត្តិការទាំងនេះផងដែរ។ ការអនុវត្តន៍អាករលើតម្លៃបន្ថែម (VAT)
បើតាមមេពន្ធដាររូបនេះ ក្រុមហ៊ុនបរទេស សហគ្រាសចំនួន៥ ដែលបានមកចុះបញ្ជី ដែលក្នុងនោះរួមមាន៖
១៖ MICROSOFT REGIONAL SALES PTE.LTD
២៖ ZOHO CORPORATION PTE.LTD
៣៖ TATA CONSULTANCY SERVICE LIMITED
៤៖ MASTERCARD ASIA/PACIFIC PTE.LTD
៥៖ TIKTOK PTE.LTD។
លោក គង់ វិបុល ក៏បញ្ជាក់ចំពោះករណីអ្នកជាប់ពន្ធនៅក្នុងស្រុក ដែលលក់តាមប្រព័ន្ធអនឡាញ អាចមកចុះបញ្ជី ហើយបង់ពន្ធជាធម្មតា។ ដោយឡែកចំពោះអ្នកវិនិយោគក្រៅស្រុក ត្រូវមកចុះបញ្ជីសាមញ្ញ តាមប្រព័ន្ធអេឡិចត្រូនិក ឬក៏ចុះបញ្ជីតាមភ្នាក់ងារពន្ធដារ។
អនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវិសាលភាពគ្របដណ្តប់ក្រុមហ៊ុនបរទេស ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ (ទីតាំងស្នាក់ការ) នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ដូចជាក្រុមហ៊ុនណាមួយ ដែលមិនមានទីតាំងក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា ប៉ុន្តែក្រុមហ៊ុននោះមានអតិថិជនរបស់ខ្លួននៅកម្ពុជា ដូច្នេះអនុក្រឹត្យថ្មីនេះ មានវិសាលភាពគ្របដណ្តប់ ទៅលើយក្រុមហ៊ុនប្រភេទនេះ។ នៅពេលអតិថិជនក្នុងស្រុកទិញសេវា ឬផលិតឌីជីថលពីក្រុមហ៊ុនដែលមិនមានទីតាំងក្នុងស្រុកខ្មែរ ក្រុមហ៊ុននោះត្រូវកាត់ទុក VAT ចំនួន១០%៕